បារាំងបានចាប់ផ្តើមបន្ធូរបន្ថយការរិតត្បិតដោយផ្នែកខ្លះនៅក្នុងប្រទេស ផ្តល់សេរីភាពដល់ពលរដ្ឋដើរហើរ បន្ទាប់ពីត្រូវឃុំមួយរយៈពេល ទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុស ។ មេដឹកនាំបារាំងបានថ្លែងថា វាឆាប់រហ័សខ្លាំងពេកដែលប្រកាសអំពីជ័យជម្នះទៅលើវីរុសនេះ ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បារាំងបានអះអាងថា ការស្លាប់នៅក្នុងប្រទេសនេះដោយសារកូវីដ១៩ អំឡុងពេល២៤ម៉ោងបានធ្លាក់ចុះ ប្រៀបជាមួយបណ្តាថ្ងៃមុនៗ ។ ប្រទេសនេះ មានអ្នកបាត់បង់ជីវិតទាំងអស់ជាង ២៧ ០០០ នាក់។
ក្រសួងសុខាភិបាលបារាំងបញ្ជាក់ថា តួលេខជនបាត់បង់ជីវិត តាមមន្ទីរពេទ្យនានានា និងនៅតាមមន្ទីរពេទ្យបណ្តោះអាសន្ន ក្នុងប្រទេសបារាំងសរុប ២៧ ០៧៤ នាក់ ។ ប៉ុន្តែប្រភពអះអាងថា ការរាប់តួលេខនេះ នៅមានកំហុសឆ្គងខ្លះៗផងដែរ ។
ប្រភពថា ក្នុងរយៈពេល២៤ម៉ោង មនុស្ស៩៨នាក់បានស្លាប់ដោយសារកូវីដ១៩ ប្រៀបធៀប២៤ម៉ោងមុននោះ មានអ្នកបាត់បង់ជីវិត៣៤៨នាក់ ។
និន្នាការវិជ្ជមានថ្មីៗបានបន្តកើតមាន ដោយមនុស្ស១១៤នាក់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ក្នុងចំណោមអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់សរុប ២ ៤២៨ នាក់ ។ កាលពីពេលមុន អ្នកជំងឺដែលស្ថិតក្នុងការសង្គ្រោះដោយការយកចិត្តទុកដាក់ខ្ពស់មានរហូតដល់ជាង ៧ ០០០ នាក់ ។
អ្នកជំងឺកូវីដ១៩ ចំនួន ២១ ០៧១ នាក់បាននិងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ។ វាបានធ្លាក់ចុះចំនួនកាលពីមួយថ្ងៃមុននេះ ៥២៤នាក់ ។
ការធ្លាក់ចុះនេះ ខណៈដែលបារាំងបាននិងកំពុងសប្បាយរីករាយដោយផ្នែកខ្លះនៅក្នុងប្រទេស បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិត ។ តាំងពីថ្ងៃទី១៧ ខែមីនា រៀងមក បារាំងបានចាក់សោ ឬបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតពីវីរុស ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងថា បារាំងកំពុងជួបការធ្វើឲ្យមានតុល្យភាពគ្នាខ្លាំង រវាងសកម្មភាពចាប់ផ្តើមសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយនិងការការពារជំងឺមិនឲ្យផ្ទុះឡើងសារជាថ្មី ។
លោកបានថ្លែងថា វិធានការផ្សេងៗអាចនឹងពង្រឹងជាថ្មីទៀត បើសិនចាំបាច់ ។ លោកថា «ឆាប់រហ័សពេកហើយដែលថា យើងឈ្នះទៅលើវីរុសនេះ» ៕ ប្រែសម្រួលដោយ៖ thach yat