ប្រភព AP បានផ្សាយថា អាជ្ញាធរក្នុងប្រទេសចិន ទីក្រុងវូហាន ជាទីកន្លែងដែលវីរុសឆ្លងរាតត្បាតមុនគេនោះ បានចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ធ្វើតេស្តលើពលរដ្ឋ ទាំង១១លាននាក់ ដែលរស់នៅទីក្រុងមួយនេះ ដើម្បីស្វែងរកវីរុស បន្ទាប់ពីរយៈពេល១០ថ្ងៃ រកឃើញឆ្លងថ្មី នៃវីរុសកូវីដ១៩ជាបន្តបន្ទាប់។
ប្រទេសចិន ជាអ្នកដំបូងគេដែលដាក់ប្រជាជនរបស់ខ្លួនទ្រង់ទ្រាយធំឲ្យនៅចាក់សោ និងលើកលែងហាមប្រាម ក៏មុនគេផងដែរ។ នៅពេលនេះ អាជ្ញាធរក្នុងតំបន់កំពុងញាប់ដៃជើង ទប់ស្កាត់ បង្ការមិនឲ្យជំងឺនេះ ផ្ទុះឡើងជាថ្មីបានឡើយ។
មន្ត្រីពាក់ព័ន្ធផ្នែកសុខាភិបាលនៅក្នុងទីក្រុងវូហាន ទាំងអស់ ត្រូវបានណែនាំឲ្យដឹង អំពីផែនការធ្វើតេស្តគ្រប់មនុស្សទាំងអស់ នៅក្នុងមូលដ្ឋាន ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សាយថា ការធ្វើតេស្តនេះអាចផ្តោតទៅលើមនុស្សចាស់, ទីកន្លែងដែលកកកុញដោយហ្វូងមនុស្ស និងកន្លែងដែលប្រជាជនមានការចល័តច្រើន ។
គួរបញ្ជាក់ថា ទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល នៃប្រទេសចិន ជាទីតាំងដំបូងគេ នៃការផ្ទុះឡើងវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19) កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ។
នៅក្នុងប្រទេសចិន មានអ្នកឆ្លងវីរុសនេះចំនួន ៨២ ៩២៦ នាក់ ក្នុងនោះបាត់បង់ជីវិត ៤ ៦៣៣ នាក់ និង ៧៨ ១៨៩ នាក់បានជាសះស្បើយ បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
អាជ្ញាធរប្រទេសចិនបានអនុវត្តវិធានការចាក់សោ ឬបិទប្រទេស ចាប់តាំងពីករណីវីរុសនេះឆ្លងរាតត្បាតខ្លាំង រហូតដល់ចុងខែមេសា ទើបមានការបន្ធូរបន្ថយឡើងវិញ អនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរ ក៏ដូចជា ដំណើរការដឹកជញ្ជូន នៅក្នុងតំបន់ ។
ប៉ុន្តែមកទល់ពេលនេះ នៅទីក្រុងវូហាន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថា មានករណីឆ្លងកូវីដ១៩ថ្មីៗ ទើបជាហេតុជំរុញឲ្យអាជ្ញាធរដោះស្រាយបង្ការឲ្យបានមុន កុំឲ្យផ្ទុះឡើងសាជាថ្មីម្តងទៀត ។ អាជ្ញាធរចាប់ផ្តើមធ្វើតេស្តរាល់ពលរដ្ឋទាំងអស់ ប្រហែល១១លាននាក់រស់នៅក្នុងទីក្រុងមួយនេះឡើងវិញ ដើម្បីស្វែងរកកូវីដ១៩៕ ប្រែសម្រួលដោយ៖ thach yat