Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គម្រោងសាងសង់ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី នឹងតភ្ជាប់ជើងហោះហើរ តំបន់អាស៊ាននាពេលអនាគត

គណៈកម្មការរៀបចំផែនការមេទេសចរណ៍ខេត្តមណ្ឌលគីរី បានសម្តែងការគាំទ្ររាជរដ្ឋាភិបាល ចំពោះគម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលជាតម្រូវការដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញផ្សេងៗ ទៅកាន់បណ្តាប្រទេសជិតខាងនិងប្រទេសក្នុងតំបន់អាស៊ានផងដែរ។ 

ជុំវិញគម្រោងនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី។

នៅក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរី គឺត្រូវចាំបាច់ទាមទារឱ្យមានការចូលរួមពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ពន្ធផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើតព្រលានយន្តហោះថ្មី ដែលមានតួនាទីសំខាន់ ក្នុងការបម្រើការដឹកជញ្ជូនទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានាក្នុងប្រទេស។

លោក ថោង ខុន បានបន្ថែមថា ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ

កន្លងមកនេះ រាជរដ្ឋាភិបាលបានកំណត់រួចមកហើយថា ខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរ៍ភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នាផងដែរ គណៈកម្មការអន្តរក្រសួង បានបង្ហាញការគាំទ្រ ចំពោះការងារសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរីនេះ ដោយកំណត់ថា វិស័យទេសចរណ៍ ពិសេសវិស័យអេកូទេសចរណ៍ គឺជាវិស័យអាទិភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត បន្ទាប់មកគឺវិស័យកសិកម្ម ដែលមានសក្ដានុពលខ្លាំងបំផុត ដូចជាការដាំដុះបន្លែសេរីរាង្គ ផ្កាល្អៗ ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា៖«វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងព្រលានយន្តហោះ»។

ដូចគ្នាផងដែរ គណៈកម្មការអន្តរក្រសួង សូមគាំទ្រទាំងស្រុងចំពោះ រាជរដ្ឋាភិបាលដែលបានរៀបចំគម្រោងកសាងព្រលានយន្តហោះមួយនៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅភូមិភាគនិរតី តំបន់ទេសចរណ៍នៅភាគពាយព្យ មានខេត្តបាត់ដំបងជាដើម៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9213385