លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីពិគ្រោះយោបល់សន្តិសុខក្នុងតំបន់ ក៏ដូចជា គម្រោងការដាក់បញ្ចូលតំបន់ជ្រោយ West Bank ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។
បណ្ដាញព័ត៌មានរបស់អ៊ីស្រាអែល បានផ្សាយថា រដ្ឋមន្ត្រីការបរទេស Pompeo បានជួបជាមួយនាយករដ្ឋមន្ត្រី បែនចាមីន ណេតាន់យ៉ាហ៊ូ និងអនាគតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz។ ដំណើរទស្សនកិច្ចនេះ គឺនៅមុនមួយថ្ងៃ នៃរដ្ឋាភិបាលចម្រុះមួយបានព្រមព្រៀង ហើយនាយករដ្ឋមន្ត្រី២រូបស្បថ ចូលកាន់តំណែង ។
ការពិភាក្សា ប្រហែលមានរួមបញ្ចូលផងដែរ ចំពោះសត្រូវរបស់អ៊ីស្រាអែល គឺអ៊ីរ៉ង់ដែលកំពុងឈរជើង នៅលើទឹកដីស៊ីរី ហើយករណីនេះនាំឲ្យអ៊ីស្រាអែល វាយប្រហារតាមអាកាស ប្រឆាំងទៅលើគោលដៅនានារបស់អ៊ីរ៉ង់ កាលពីអំឡុងសប្តាហ៍ថ្មីៗកន្លងមកនេះ។ ក្រៅពីនេះ កិច្ចពិភាក្សាស្តីអំពីទំនាក់ទំនងពាណិជ្ជកម្ម រវាងរដ្ឋ Jewish និងប្រទេសចិន ក៏ប្រហែលជាត្រូវលើកឡើងផងដែរ។
លោក Pompeo បានពាក់ម៉ាសពណ៌ក្រហម, ស និងខៀ ការពារវីរុស នៅពេលឈានជើងដល់អាកាសយានដ្ឋាន Ben-Gurion ជិតទីក្រុង Tel Aviv ។ នេះជាលើកដំបូង ក្នុងរយៈពេលជិត២ខែ ដែលលោក Pompeo ទៅបំពេញទស្សនកិច្ចក្រៅប្រទេស ក្រោយការឆ្លងរាតត្បាតពីវីរុសកូវីដ១៩។
គួររំឭកថា កាលពីខែមករា ឆ្នាំ២០២០ គម្រោងការដ៏ចម្រូងចម្រាសរបស់ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ភ្លើងខៀវដល់អ៊ីស្រាអែល នៅក្នុងការដាក់បញ្ចូលក្រោមការគ្រប់គ្រង នៅមូលដ្ឋានរបស់ជនជាតិ Jewish និងដែនដីយុទ្ធសាស្ត្រផ្សេងទៀត ដូចជា West Bank ផងដែរ។ ករណីនេះបង្កឲ្យមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីភាគីប៉ាឡេស្ទីន ហើយប្រកាសកាត់ផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋបាលអាមេរិក។
អ៊ីស្រាអែលដណ្តើមគ្រប់គ្រងតំបន់ជ្រោយ West Bank បាន ចាប់តាំងពីឆ្នាំ១៩៦៧ គឺក្រោយសង្គ្រាម រយៈពេល៦ថ្ងៃនោះមក៕ ប្រែសម្រួលដោយ៖ thach yat