Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្កើតគណៈកម្មការអន្តរក្រសួងរៀបចំផែនការទេសចរណ៍ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសសុពលភាពគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការមេលើវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃចន្ទ ដោយបានគាំទ្រការកសាងព្រលានយន្តហោះក្នុងស្រុក ខណៈខេត្តនេះមានតំបន់ទេសចរណ៍ ធម្មជាតិរហូតដល់ ៣៩ កន្លែង។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន និងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃចន្ទ បានបើកកិច្ចប្រជុំ និងប្រកាសសុពលភាពគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការដើម្បីអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី។ គណៈកម្មការបានសម្រេចថា ខេត្តមណ្ឌលគិរីនៅភាគឦសានមួយនេះ ចាំបាច់ត្រូវមានការចូលរួមពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើតព្រលានយន្តហោះថ្មីសម្រាប់ដឹកជញ្ជូនទេសចរ អ្នកដំណើរ ទំនិញ និងបន្លែផ្សេងៗទៅកាន់គោលដៅនានាក្នុងប្រទេស។ នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសានទាំងមូលគឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់ព្រះរាជាណាចក្រកម្ពុជា «ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់»។ វិស័យជាអាទិភាពក្នុងខេត្តនេះគឺវិស័យទេសចរណ៍ ពិសេសវិស័យអេកូទេសចរណ៍បន្តដោយវិស័យកសិកម្មដែលរួមមានការដាំដុះបន្លែសរីរាង្គ ផ្លែឈើ កាហ្វេ។ ក្រសួងទេសចរណ៍បន្តឲ្យដឹងថាលោក ថោង ខុន បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍។ គណៈកម្មការអន្តរក្រសួងបានគាំទ្រទាំងស្រុងចំពោះការរៀបចំគម្រោងកសាងព្រលានយន្តហោះមួយនៅខេត្តនេះសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅភូមិភាគនិរតី តំបន់ទេសចរណ៍នៅភាគពាយព្យនៃប្រទេសកម្ពុជាជាដើម។

លោក ថោង ខុន បានឲ្យដឹងដោយរំពឹងថា ព្រលានយន្តហោះខេត្តនេះនឹងភ្ជាប់ទៅគោលដៅទេសចរណ៍ជិតខាងដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ានព្រមទាំងអាចភ្ជាប់ទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិន។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា ខេត្តរបស់លោកមានតំបន់ទាក់ទាញភ្ញៀវទេសចរប្រមាណ ៣៩ កន្លែងរួមមានទាំងតំបន់ទឹកជ្រោះ ទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋានទេសចរណ៍កែច្នៃ ជ្រលងដងអូរ និងភ្នំធម្មជាតិ។ ក្រៅពីនេះក៏មានចម្ការដំណាំចម្រុះពូជ ទេសភាពតាមដងផ្លូវនៅក្នុងខេត្តផងដែរ។ នេះបើតាមក្រសួងទេសចរណ៍ដដែល។ លោក ហៀក សុផាន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានថ្លែងប្រាប់ឲ្យដឹងកាលពីម្សិលមិញថា កិច្ចប្រជុំកាលពីថ្ងៃចន្ទគឺគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះគឺការប្រកាសសុពលភាពគណៈកម្មការអន្តរក្រសួងដើម្បីសិក្សាពីអំពីផែនការមេ។ លោកថ្លែងថា៖ «បន្ទាប់ពីការប្រកាសសុពលភាពគណៈកម្មការនេះហើយ ក្រុមការងារបច្ចេកទេសនឹងសិក្សាស្រាវជ្រាវ ហើយនឹងចេញលទ្ធផលជាផែនការមេនៅក្នុងខែសីហា ឬកញ្ញា»។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងពីម្សិលមិញថា រហូតមកទល់ពេលនេះក្រសួងបានប្រកាសបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការមេវិស័យទេសចរណ៍បានចំនួន ៣ ខេត្តរួចហើយ រួមមានខេត្តសៀមរាប ខេត្តកែប និងខេត្តមណ្ឌលគិរី៕

from: https://tnaot.com/km/m/detail/article/9212552