សារព័ត៌មាន Sputnik នៅថ្ងៃទី១៣ ខែឧសភា បានផ្សាយថា សមាជិកព្រឹទ្ធអាមេរិក បានណែនាំឲ្យសភាអនុញ្ញាតដល់ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មទៅលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង មិនផ្តល់កិច្ចសហការពេញលេញ នៅក្នុងព្រឹត្តិការណ៍ដែលនាំឲ្យមានការឆ្លងរាតត្បាតកូវីដ១៩ នោះទេ។ នេះបើតាមប្រភព Sputnik ដកស្រង់សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសមាជិកទាំង៩រូប ។
សមាជិកព្រឹទ្ធសភាទាំង៩រូបនោះ រួមមាន ឈ្មោះ Lindsey Graham, Thom Tillis, Cindy Hyde-Smith, Mike Braun, Rick Scott, Steve Daines, Todd Young, Jim Inhofe, និង Roger Wicker ។ ព្រឹទ្ធសមាជិកទាំងនោះបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី១២ ខែឧសភា ថា បើគ្មានការបញ្ជាក់ច្បាស់លាស់ ប្រធានាធិបតីអាមេរិកគួរតែត្រូវបានអនុញ្ញាតឲ្យដាក់ទណ្ឌកម្ម ដូចជាទៅលើការបង្កកទ្រព្យសម្បត្តិ, រារាំងការធ្វើដំណើរ, ដកហូតទិដ្ឋាការ, រឹតត្បិតស្ថាប័នពាណិជ្ជកម្ម នៅលើទឹកដីសហរដ្ឋអាមេរិក ដែលកម្ចីប្រាក់ ឬការធានាដល់ពាណិជ្ជកម្មចិន និងការរារាំងក្រុមហ៊ុនចិន ចុះក្នុងបញ្ជីអត្រាប្តូរប្រាក់អាមេរិកជាដើម។
ព្រឹទ្ធសមាជិកទាំងនោះ បញ្ជាក់ថា វិធានការនេះតម្រូវឲ្យលោកប្រធានាធិបតី ផ្តល់ការបញ្ជាក់ច្បាស់លាស់ទៅកាន់សភា ក្នុងរយៈពេល៦០ថ្ងៃ ដែលថា ប្រទេសចិនបានចែករំលែកពេញលេញ និងគណនេយ្យភាព ចំពោះការស៊ើបអង្កេតទាំងឡាយ ពាក់ព័ន្ធនឹងកូវីដ១៩ ដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក, សម្ពន្ធមិត្តរបស់ខ្លួន ឬភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងនោះរួមបញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ ។
សេចក្តីថ្លែងការណ៍ បានបន្តថា សេតវិមានគួរតែផ្តល់ដំណឹងដល់តំណាងរាស្ត្រអាមេរិក បើបានបិទទីផ្សារដែលកំពុងប្រតិបត្តិ ហើយបង្កឲ្យមានផ្ទុះនូវហានិភ័យណាមួយទៅលើមនុស្ស និងដោះលែងទាំងអស់ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែលត្រូវបានចាប់ខ្លួន នៅមុនការការពារកូវីដ១៩ ។
ព្រឹទ្ធសមាជិក Graham បានអំពាវនាវឲ្យមានការប្រឆាំងនឹងចិន ទាក់ទងនឹងវីរុសកូវីដ១៩ ហើយថា ចិនជាអ្នកទទួលខុសត្រូវ។ លោកបញ្ជាក់ថា «យើងត្រូវតែសម្រេចចិត្ តថាតើមេរោគនេះមកពីណា? ហើយវាទៅណា? ត្រូវតែមានការបិទផ្សារសំណើម ដើម្បីធានាថា វានឹងមិនកើតឡើងម្តងទៀតទេ» ។
គួរបញ្ជាក់ថា សមាជិករដ្ឋបាល ដូណាល់ ត្រាំ ខ្លះ រួមទាំងប្រធានាធិបតីផ្ទាល់តែម្តង ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានដាក់ការស្តីបន្ទោស ទម្លាក់កំហុសទៅលើប្រទេសចិនថា ជាអ្នកបង្កឲ្យមានមេរោគនេះ ឆ្លងរាតត្បាត ។ ការទម្លាក់កំហុសនេះ គឺដើម្បីបញ្ចៀសនូវការស្តីបន្ទោស នៅក្នុងស្រុកដែលពួកគេខ្វះសមត្ថភាព នៅក្នុងទប់ទល់ជាមួយវិបត្តិនេះតែប៉ុណ្ណោះ។ ប្រទេសចិនតែងតែច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ ហើយចិនបានជំរុញដល់អ្នកនយោបាយអាមេរិក កុំធ្វើនយោបាយទៅលើមេរោគ ដែលសម្លាប់មនុស្សយ៉ាងសាហាវបែបនេះ ។
របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា មនុស្សជិត ៤,១លាននាក់ឆ្លងកូវីដ១៩ ក្នុងនោះ ជាង ២៨៣ ០០០ នាក់បានស្លាប់ ចាប់តាំងពីជំងឺនេះរាតត្បាតរហូតមក៕ ប្រែសម្រួលដោយ៖ thach yat