ពួកអេស្គីម៉ូត្រូវបានគេហៅថា “មនុស្សទឹកកក” ។ តែមិនសូវមានមនុស្សច្រើនចាប់អារម្មណ៍ពីពួកគេទេ ដោយសារចំនួនពួកគេមានតិចហើយរស់នៅដាច់ស្រយាលពីពិភពមនុស្ស។
បច្ចុប្បន្នមានពួកអេស្គីម៉ូប្រមាណ 80,000 នៅលើពិភពលោក ហើយវត្តមានរបស់ពួកគេបានរីកសាយកាត់ តំបន់ Greenland និងភាគខាងជើងនៃទ្វីបអាមេរិចខាងជើង។ មួយភាគតូចកំពុងរស់នៅស៊ីបេរីភាគខាងកើត។
ទីលំនៅរបស់ពួកគេត្រូវបានគេស្គាល់ថា igloo ដែលជាជំរកសង់ពីដុំទឹកកក និងមានច្រកមួយសម្រាប់ចេញចូល។ តែតាមពិត igloo គ្រាន់តែជាជម្រកបណ្ដោះអាសន្នក្នុងរដូវរងារតែប៉ុណ្ណោះដោយពួកគេត្រូវការវាក្នុងដំណើរស្វែងរកអាហាររបស់ពួកគេដោយ វត្ថុធាតុដើមក្នុងការសាងសង់ងាយស្រួលរក។
ជម្រកអចិន្ដ្រៃយ៍របស់ពួកអេស្គីម៉ូមានសណ្ឋានស្រដៀងនឹង igloo ដែរ គ្រាន់តែវាត្រូវបានសង់ពី ឈើ ស្បែកសត្វ(ប្រក់ជាដំបូលដើម្បីរក្សាភាពកក់ក្ដៅ) និងឆ្អឹងត្រីបាឡែន។
សម្លៀកបំពាក់ពួកគេធ្វើពី ស្បែកសត្វ និងរោមសត្វដូចជា ពពួកភេជាដើម ហើយដោយសារជុំវិញពួកគេសុទ្ធតែទឹកកក ទាំងស្រីទាំងប្រុសស្លៀកសម្លៀកបំពាក់ស្រដៀងគ្នា ដើម្បីការពារភាពរងារ។
នៅរដូវត្រជាក់ ពួកគេមិនអាចចេញពីជម្រកបានយូរឡើយ ហើយជួនកាលពួកគេត្រូវសម្ងំនៅក្នុងផ្ទះ ដល់ទៅ ៣-៤ថ្ងៃជាប់ៗគ្នាក៏មាន។
អាហាររបស់ពួកគេស្ទើរតែរាល់ថ្ងៃ គឺគ្មានអ្វីក្រៅតែពីសត្វនៅជុំវិញពួកគេ និងក្នុងសមុទ្រដូចជាត្រី ប្រឹស (caribou) និងពពួកភេ (walrus, seal) ជាដើម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា បើទោះជាពួកគេបរិភោគសាច់ស្ទើរតែរាល់ពេល ក៏ពួកគេស្ថិតក្នុងចំណោមក្រុមមនុស្សដែលមានសុខភាពល្អបំផុត។
ពួកអេស្គីម៉ូត្រូវបានគេដឹងថា មានរបៀបរស់នៅជាក្រុមមានសណ្ដាប់ធ្នាប់ ដោយពួកគេគោរពវប្បធម៌ មេដឹកនាំក្រុម និងឱ្យតម្លៃស្រ្ដី៕
ខាងក្រោមជារូបភាពគួរឱ្យចាប់អារម្មណ៍របស់ពួកមនុស្សទឹកកក៖