ម្ចាស់ទីលានដោនថោន បញ្ជាក់ថា អាចទប់ទល់ថ្លៃចំណាយបាន៦ខែ ដោយសារការបិទទ្វារ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល កីឡាដ្ឋានបាល់ទាត់ធំ និងកីឡដ្ឋានបាល់ទាត់ក្នុងសាលឯកជននានាត្រូវបិទអាជីវកម្មរបស់ខ្លួន ក្នុងនោះទីលានបាល់ទាត់ ដោនថោនស្ព័ត ដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏រង់ផលប៉ះពាល់យ៉ាងខ្លាំងដូចគ្នាផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក ហ៊ុល សុភ័ក្រ ម្ចាស់ទីលានដោនដោនស្ព័តបានអះអាងថា ដោយសារជំងឺនេះបានរងផលប៉ះពាល់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មកម្លេះ ដោយធ្លាក់ចុះជាបន្តបន្ទាប់នូវចំនួនអតិថិជន ហើយនៅខែមេសា ឆ្នាំ២០២០ ទីលាននេះបានបិទទ្វារទាំងស្រុង។ លោកបានបន្ដថា ទីលានបាល់ទាត់ ដោនថោន មានទីលានធំចំនួន១០ និងទីលានតូចសម្រាប់កីឡាបាល់ទាត់ក្នុងសាលមានចំនួន៦ សរុប១៦ ដែលថ្លៃជួលដី និងបុគ្គលិក ត្រូវចំណាយជិត១ម៉ឺនដុល្លារអាម៉េរិក ក្នុង១ខែៗ។ ដូច្នេះហើយប្រសិនបើស្ថានភាពជំងឺនេះនៅតែបន្ត ហើយអាជីវកម្មរបស់លោកនឹងត្រូវប្រឈមនឹងហានិភ័យខ្ពស់ ដោយលោកអាចចំណាយលុយសម្រាប់ការទប់ទល់ថ្លៃជួលដី និងបុគ្គលិកបានប្រហែល៥ទៅ៦ខែទៀតប៉ុណ្ណោះ។
“ទោះបីជានៅកម្ពុជាស្ថានភាពជំងឺមានភាពល្អប្រសើរបន្តិចម្តងៗក្តី ប៉ុន្តែយើងទាំងអស់គ្នាមិនអាចមើលស្រាលវាបានឡើយ ដោយយើងត្រូវបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។ ប្រសិនបើស្ថានភាពវិបត្តិជំងឺនេះបានល្អប្រសើរឡើងវិញ ហើយក្រសួងសុខាភិបាលប្រកាសឱ្យមានការជួបជុំ ការប្រមូលផ្តុំឡើងវិញ ខ្ញុំនឹងរៀបចំកម្មវិធីពិសេសៗ ដូចជាការរៀបចំប្រកួតដណ្តើមបានរង្វាន់នានា ដើម្បីទាក់ទាញអតិថិជន ឬក្លឹបបាល់ទាត់នានាចូលរួមប្រកួតប្រជែង និងដើម្បីសុខភាពរបស់គាត់ឱ្យបានល្អប្រសើរឡើងវិញផងដែរ។” នេះជាការលើកបន្ថែមរបស់លោក ហ៊ុល សុភ័ក្រ។
លោកបានបន្ថែមថា សម្រាប់ទីលានដោនថោនស្ព័តនេះខកខានការរៀបចំការប្រកួតដណ្តើមពានរង្វាន់របស់ខ្លួន ២ឆ្នាំមកហើយ ប៉ុន្តែបើការប្រកួតពានរង្វាន់ផ្សេងៗ ដែលអតិថិជនបានមកជួលលេង គឺមាន៥-៦ពានរង្វាន់ដែរ ក្នុង១ឆ្នាំៗ។ ការខកខានរៀបចំពានរបស់ទីលានផ្ទាល់ គឺដោយសារតែលោកជាប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ដោនថោន ដែលឈ្នះពានរង្វាន់ថ្នាក់ជាតិ ហើយតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាចេញទៅចូលរួមប្រកួត ពានរង្វាន់ក្នុងសាលអាស៊ាន នៅប្រទេសថៃផង និងការប្រកួតដណ្តើមពានរង្វាន់ផ្សេងៗ នៅក្នុងស្រុកច្រើនដែរ៕ដោយ ហេង ណាលីន