ភ្នំពេញ៖ បុរសម្នាក់បានទៅការអន្តរាគមន៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បន្ទាប់ពីបុរសម្នាក់ធ្វើការជាមួយគ្នា ខ្ចីម៉ូតូយកទៅបាត់ស្ងាត់ឈឹង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងខុនដូកាឡាក់ស៊ី ស៊ីឌិន សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស បារាំង ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសន្តិសុខ ក្នុងខុនដូរកាឡាក់ស៊ី ស៊ីឌិន ស្ថិតក្នុងខុនដូកាឡាក់ស៊ី ស៊ីឌិន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះ ម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខកណ្តាល 1AG 5615។ ចំណែកជនសង្ស័យដែលយកម៉ូតូទៅនោះឈ្មោះមាស សុចិត្រា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរអ្នកបើកឡាននៅក្នុងខុនដូខាងលើ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវ៥៥៤ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅរកទិញអីហូបមួយភ្លែត ដោយសារតែមនុស្សធ្វើការជាមួយគ្នាទើបឱ្យខ្ចីទៅ លុះវេលាម៉ោង២រសៀលថ្ងៃដដែល ជនសង្ស័យបានខលប្រាប់គាត់ថា មកយកម៉ូតូមកនៅមន្ទីរពេទ្យកាល់ម៉ែត្រព្រោះគាត់មកមើលម្តាយឈឺ។ តែពេលនោះរូបគាត់មិនបានទៅយកទេ រហូតមកដល់វេលាម៉ោង៥ល្ងាច គាត់ទាក់ទងទៅលែងបានរហូត។
រហូតព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ទើបជនរងគ្រោះសម្រេចចិត្ត មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីសុំការអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ជនសង្ស័យដាក់ទោសតាមច្បាប់៕ ផេង ភាព