ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យពីនាក់ទៅតុលាកាពាក់ព័ន្ធករណីឆក់កាបូប នៅព្រឹកថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១ ឈ្មោះ ឆៃ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី ២ឈ្មោះ រី មីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ៣០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទាំង២នាក់ ព្រមទាំងបក្ខពួកបានជិះម៉ូតូចំនួន២គ្រឿង ០១គ្រឿងម៉ាក Exciter និង០១គ្រឿងទៀតម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HY-7963 ធ្វើសកម្មភាពឆក់ទៅលើជនជាតិចិនចំនួន៤នាក់កំពុងដើរពុំបានសម្រេច ក៏ត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល រួចជនស្ស័យក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលនោះមានកម្លាំងល្បាតសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃើញហេតុការណ៍ ជួយអន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ចំណុច ម៉ូឌែនប្រាំ ក្នុងខណ្ឌឫស្សីកែវ ពួកគេបានផ្តួលម៉ូតូ ភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង ចំណែកបក្ខពួកចំនួន៣នាក់ទៀតកំពុងរត់គេចខ្លួន៕ផេង ភាព