Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន២ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីចំនួនអ្នកឆ្លងវីរុស​កូរ៉ូណា ២នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៣០១៧នាក់។ ​តាមរបាយការណ៍បានឱ្យដឹងថាមិនមាន​អ្នកស្លាប់ថ្មីនោះទេ ដែលធ្វើឱ្យអ្នកស្លាប់ក្នុងប្រទេសសរុបនៅចំនួន ៥៦នាក់ដដែល។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយថា អ្នកឆ្លងថ្មីទីមួយគឺជាស្ត្រីជនជាតិថៃអាយុ ១៩ឆ្នាំ រស់នៅក្នុងទីក្រុងបាងកកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ៣នាក់មុនគឺបងស្រី​របស់គាត់ ​បងថ្លៃ និងក្មួយស្រី ដែលរស់នៅក្នុងផ្ទះតែមួយ។ គាត់បានធ្លាក់ខ្លួនឈឺដោយមានអាការគ្រុនក្តៅនិងរាគកាលពីថ្ងៃទី ៥ ខែឧសភា ​មកបានធ្វើតេស្តវីរុសកូរ៉ូណាវិជ្ជមាន​។ អ្នកជំងឺថ្មីម្នាក់ទៀតជាស្ត្រីជនជាតិថៃអាយុ ៥១ឆ្នាំរស់នៅក្នុងខេត្ត​Narathiwat​។ គាត់ជាអ្នកមើលថែ​ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ដែលជាអ្នកជំងឺកូរ៉ូណាពីមុន។

​លោកវេជ្ជបណ្ឌិត Taweesilp មានប្រសាសន៍ថា ករណីថ្មីចំនួនពីរនេះគឺពិតជាចំនួនទាបណាស់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាមួយប្រជាជនថៃទូទាំងប្រទេស។ ប៉ុន្តែចំនួនអ្នកឆ្លងនៅមិនទាន់បានធ្លាក់ចុះដល់សូន្យនៅឡើយទេ។ អ្នកនាំពាក្យបាននិយាយថាចំនួនខេត្តដែលមិនមានករណីឆ្លងវីរុសថ្មីក្នុងរយៈពេល ២៨ថ្ងៃកន្លងមកបានកើនឡើង​ដល់ទៅ ៥០ខេត្ត។ ខេត្តដែលបានបន្ថែមក្នុងបញ្ជីមិនមានអ្នកឆ្លងថ្មីរយៈពេល២៨ថ្ងៃមានដូចជា Loei, Nakhon Si Thammarat, Phangnga និង Satun ។ ចំនួនខេត្តដែលបានរាយការណ៍ចំនួនអ្នកឆ្លងថ្មីក្នុងរយៈពេល ២៨ថ្ងៃកន្លងមកមានចំនួន ១៨ខេត្ត។ អ្នកជំងឺចំនួន​ ២នាក់ថ្មីបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ​ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបក្នុងប្រទេសឡើង​ដល់ ២៧៩៨នាក់ ខណៈអ្នកជំងឺចំនួន ១៦៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ក្នុងចំណោមអ្នកឆ្លងសរុបក្នុងប្រទេសចំនួន ៣០១៧នាក់ ក្នុងនោះទីក្រុងបាងកកមានអ្នកឆ្លងច្រើនជាងគេចំនួន ១៧០៣នាក់ ​​នៅភាគខាងត្បូងប្រទេសមានអ្នកឆ្លងចំនួន ៧២៦នាក់ ​នៅតំបន់វាលទំនាបភាគកណ្តាលមានអ្នកឆ្លង ៣៨៣នាក់  ​នៅភាគ​ឦសានមានអ្នកឆ្លងចំនួន ១១១នាក់ និងនៅភាគខាងជើងមានអ្នកឆ្លងចំនួន ៩៤នាក់។

លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា​អ្នកឆ្លងវីរុសកូរ៉ូណាទូទាំងពិភពលោកមានចំនួន ៤.២៥ លាននាក់ និងមានអ្នកស្លាប់ចំនួន ២៨៧ ២៩៣​នាក់។ សហរដ្ឋអាមេរិកជាប្រទេសមានអ្នកឆ្លងច្រើនបំផុតចំនួន ១.​៣៨ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុត​ចំនួន ៨១ ៧៩៥ នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9210091