នាយកដ្ឋានគ្រប់គ្រងមេរោគ (DDC) ថៃ បានថ្លែងថា មិនមានភ័ស្ដុតាងណាមួយ បង្ហាញថា ជំងឺស្បែក នៅលើមេជើង ជារោគសញ្ញា កូវីដ១៩នោះឡើយ តែនាយកដ្ឋានបានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន។
លោកវេជ្ជបណ្ឌិត Pornchai Jirachanakul ទីប្រឹក្សាវេជ្ជសាស្រ្ដរបស់ DDC បានថ្លែងថា មានរបាយការណ៍ពីអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេស ជាច្រើន បានបង្ហាញរោគសញ្ញា នៃជំងឺស្បែក នៅលើមេជើង (មើលទៅមានពងបែករាងក្រហមប្រឿង និងពណ៌ស្វាយ)។ របាយការណ៍ខ្លះបានបង្ហាញថា ពងបែកទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងកូវីដ១៩។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីទាំងនេះ មិនមានភ័ស្តុតាងជាក់ស្តែង គាំទ្រដល់សម្មតិកម្មនេះឡើយ។ ប៉ុន្ដែការស៊ើបអង្កេត និងការស្រាវជ្រាវបន្ថែមទៀត ចាំបាច់ត្រូវតែធ្វើ នៅមុនពេលយើងអាចសន្និដ្ឋានពីការទំនាក់ទំនងគ្នា។
លោកវេជ្ជបណ្ឌិត បានបន្ដថា មិនមានអ្នកជំងឺកូវីដ១៩ ដែលព្យាបាល នៅឯវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានបង្ហាញរោគសញ្ញាដូច្នេះឡើយ។ បើតាមពិត ជំងឺស្បែកអាចជាលទ្ធផល នៃប្រតិកម្ម បន្ទាប់ពីត្រូវបានព្យាបាលជំងឺ Covid-19 ដោយសារតែការប្រើថ្នាំមួយចំនួន។ រីឯរោគសញ្ញាអាចប្រែប្រួលពីកន្ទួលទៅជាមុន ឬរលាកស្បែកទៅជាពណ៌ស្បែកខ្មៅ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ទោះយ៉ាងណា ករណីនេះ យើងនៅតែបន្តតាមដានយ៉ាងដិតដល់នូវរោគសញ្ញារបស់អ្នកជំងឺ Covid-19 ដើម្បីសិក្សាពីលក្ខណៈ នៃជំងឺនេះ។ ប្រសិនបើអ្នកមានរោគសញ្ញា ស្រដៀងនឹងជំងឺរលាកសួត ដូចជា គ្រុនក្តៅ ក្អក ឈឺបំពង់ក ឬរោគសញ្ញាផ្លូវដង្ហើមផ្សេងៗទៀត សូមទៅជួបគ្រូពេទ្យជាបន្ទាន់» ៕ ប្រែសម្រួលដោយ Nuon