កូវីដ១៩បានរាលដាល នៅលើពិភពលោក ដោយមានពលរដ្ ឋជាង ៤,២លាននាក់បានឆ្លង ក្នុងនោះស្លាប់ ២៧៨ ពាន់នាក់។ ការឆ្លង និងស្លាប់កាន់តែច្រើន បានជំរុញឲ្យទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែតានតឹងខ្លាំងឡើង។
នៅពេលនេះ លោក ត្រាំ បានបញ្ជាឲ្យដកប្រាក់វិនិយោគ ប្រមាណ៤,៥ពាន់លានដុល្លារ ចេញពីចិន ហើយកោះហៅក្រុមហ៊ុនផលិតសំខាន់ៗ ចេញពីចិន ថែមទៀតផង។ សកម្មភាពខាងលើ បានកើតឡើង ក្រោយពេលអាមេរិកប្រឈមនឹងការខាតបង់ជាច្រើន ដោយសារកូវីដ១៩។ កាលពេលថ្មីៗនេះ ទីប្រឹក្សាសេដ្ឋកិច្ចប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា សេដ្ឋកិច្ចអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ រីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក តែត្រូវរលាយក្នុងពេលតែ២ខែប៉ុណ្ណោះ ។
ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Peter Navarro កាលពីថ្ងៃទី១១ ខែឧសភា បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានខិតខំកសាងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនខ្លាំង អាចនិយាយថា ល្អបំផុតនៅលើពិភពលោក តែត្រូវបំផ្លាញ ក្នុងរយៈពេល តែ២ខែប៉ុណ្ណោះ។
កត្ដាទាំងនេះហើយ ទើបអាមេរិក សំដៅទៅលើប្រទេសចិន ដោយចោទចិនថា បានធ្វើឲ្យបែកធ្លាយវីរុសចេញមកក្រៅពីបន្ទប់ពិសោធន៍ នៅវូហាន។ អាមេរិក ចង់ឲ្យចិនត្រូវទទួលខុសត្រូវពីការរាលដាលវីរុស ហើយចិនត្រូវតែសងសំណងពីការខាតបង់នេះ។
លោក Navarro បញ្ជាក់ទៀតថា ចិនបានលាក់ខ្លួន ក្រោមការការពាររបស់អង្គការ WHO ដើម្បីសាយភាយវីរុសបំផ្លាញពិភពលោក ដោយចិនបានដឹកជញ្ជូនមនុស្សពីចិនទៅកាន់អ៊ីតាលី និងញូវយ៉ក ជាដើម ដើម្បីសាយភាយវីរុស។ ប៉ុន្តែចិនបានច្រានចោល ជាច្រើនលើក ចំពោះការចោទប្រកាន់ទាំងឡាយពីអាមេរិក ។ បណ្តាអង្គការអន្តរជាតិ ក៏បានចាត់ទុកថា វីរុសកូវីដ១៩ កើតចេញពីធម្មជាតិ ។ មិនតែប៉ុណ្ណោះ ក្រោមចារកិច្ចអាល្លឺម៉ង់ ក៏ដូចជា ក្រុមចារកម្ម Five Eyes ក៏បានរកឃើញដូចគ្នានោះដែរ ហើយអាមេរិកមានចេតនាក្នុងការបង្វែរទិសដៅមកចាប់អារម្មណ៍លើចិន ច្រើនជាងការបរាជ័យ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩របស់អាមេរិក៕ ប្រែសម្រួលដោយ៖MEO