ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យសុខភាពជាប្រចាំដូចជា ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃ និងសាប៊ូ ឬទឹកអាល់កុល ឬជេលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាស ឬក្រមាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះ ងាយឆ្លងលឿនណាស់។ នេះបើតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។
សម្តេចនាយករដ្ឋមន្ត្រីថា ក្នុងមួយប៉ព្រេចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងពិភពលោកគឺបានកើនជាង៤លាននាក់។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។ ចំពោះនៅប្រទេសយើងវិញ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺ ត្រូវបន្តយកចិត្តទុកដាក់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា មកដល់ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ នៅកម្ពុជាសល់តែម្នាក់ទៀតប៉ុណ្នោះ ដែលមិនទាន់ជាសះស្បើយ។ ពោលគឺក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំងអស់សរុប១២២នាក់ កម្ពុជាព្យាបាលឲ្យជាសះស្បើយ ១២១នាក់ហើយ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ញាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា អ្នកដែលនៅសេសសល់នោះ នឹងអាចជាសះស្បើយក្នុងពេលឆាប់នេះផងដែរ ៕ ដោយ៖ ប៊ុនធឿន