
បច្ចុប្បន្នរឿង «The King: Eternal Monarch» កំពុងក្លាយជារឿងភាគកូរ៉េ ដែលពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។ លើសពីនេះ បើនិយាយដល់តួសម្ដែងវិញកាន់តែអស់ទាស់ ព្រោះសុទ្ធតែតួដែលកំពុងវាយលុកចិត្តអ្នកគាំទ្រ ហើយពួកគេទាំងអស់សុទ្ធតែខិតខំបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្តសម្ដែងដើម្បីឲ្យស៊ីសង្វាក់នឹងគ្នាខ្លាំងក្នុងរឿង។បើយោងតាមវីដេអូក្រៅឆាកដែលបានបង្ហាញ នៅក្រៅរឿងវិញតួទាំងអស់ក៏ពូកែលេងសើចណាស់ដែរ និយាយរួមគឺកូរគ្នាសាហាវណាស់។ ជាក់ស្ដែងបើលើកយកតែតួសំខាន់ ២នាក់គឺ Lee Min Ho និង Kim Go Eun ឃើញថាត្បិតជារឿងដំបូងដែលសម្ដែងជាមួយគ្នា ប៉ុន្តែពួកគេចុះសម្រុងនឹងគ្នាល្អណាស់។ ដូចដែលឃើញសកម្មភាពក្រៅឆាកត្រូវបានបង្ហាញជាច្រើន ប៉ុន្តែក្នុងចំណោមនោះមានការចាប់អារម្មណ៍ខ្លាំងពេលពួកគេផ្ទុះសំណើចនឹងឈុតស្នេហារ៉ូមែនទិក។
ដូចក្នុងឈុតមួយដែល Lee Min Ho ត្រូវសរសេរអ្វីមួយលើបាតដៃ Kim Go Eun ថតចប់ភ្លាមពួកគេសើចឥតឈប់ មើលទៅពិតជាមានភាពស៊ីចង្វាក់គ្នាណាស់។ ចំណែកឯមួយឈុតទៀត ដល់វគ្គកាន់តែស្និទ្ធម្ដង ជាពេលដែលពួកគេទាំង ២ទល់ថ្ងាសដាក់គ្នា។ ពេលបញ្ចាំងផ្លូវការ វាបានក្លាយជាឈុតដែល Sweet មួយដែរ ប៉ុន្តែទម្រាំថតត្រូវ តួទាំង ២អស់សំណើចរហូត។
បើនិយាយពីឈុតថើបវិញ គឺជាឈុតដែលត្រូវប្រមូលអារម្មណ៍ខ្លាំង ដូច្នេះវគ្គនេះ ក៏ត្រូវថតច្រើនដងដែរ ដោយសារ Minho ច្រឡំប៉ារ៉ូល រហូតធ្វើឲ្យផ្ទុះសំណើចទាំងដៃគូ ទាំងក្រុមការងារផ្អើលពេញកន្លែងថតតែម្ដង៕
ប្រភព៖koreaboo