ប្រភពព័ត៌មានរ៉យទ័រ បានផ្សាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRIB បានផ្សាយថា ព្រះវិហារអ៊ិស្លាមទាំងអស់ នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងបើកជាបណ្តោះអាសន្ន នៅថ្ងៃអង្គារ ទី១២ ខែឧសភានេះ ដែលជាជំហានបន្ថែមទៀត ផែនការរបស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ (COVID-19) ។
ប្រភព IRIB បានដកស្រង់សម្ដីរបស់លោក Mohammad Qomi ប្រធានអង្គការអភិវឌ្ឍន៍អ៊ិស្លាមថា ការសម្រេចចិត្តបើកទ្វារព្រះវិហារអ៊ិស្លាមឡើងវិញនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលរួចហើយ។
ទីភ្នាក់ងារសារព័ត៌មាន Fars បានផ្សាយផងដែរថា លោក Qomi បានថ្លែង នៅថ្ងៃទី១១ ខែឧសភា ថា ព្រះវិហារអ៊ិស្លាមត្រូវបានបើក សម្រាប់តែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីរំឭកដល់រាត្រីជាក់លាក់មួយ សម្រាប់ខែដ៏ពិសិដ្ឋ នៃពិធីបុណ្យរ៉ាម៉ាដាន ហើយគេនៅមិនទាន់ច្បាស់ថា តើព្រះវិហារអិស្លាមទាំងអស់ នឹងនៅបើកទ្វារចំហជារៀងរហូត ឬក៏យ៉ាងណានោះដែរ។
ការវិវឌ្ឍខាងលើនេះ បានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ បើទោះជាផ្នែកខ្លះ នៅក្នុងប្រទេស បានឃើញការកើនឡើងករណីឆ្លងវីរុសកូវីដ១៩ក៏ដោយ ។
សារព័ត៌មាន Tasnim បានផ្សាយ កាលពីថ្ងៃទី១០ ខែឧសភាថា ស្រុកមួយនៅភាគនិរតីរបស់អ៊ីរ៉ង់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំឃាំង ដោយសារតែកំណើន នៃអ្នកឆ្លងកូវីដ១៩ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Kianush Jahanpur បានថ្លែងការណ៍នៅលើកញ្ចក់ទូរទស្សន៍ថា ការស្លាប់ដោយសារវីរុសកូវីដ១៩ នៅអ៊ីរ៉ង់ បានកើនឡើងចំនួន ៤៥ នាក់ ក្នុងរយៈពេល ២៤ម៉ោង ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតកើនដល់ ៦ ៦៨៥ នាក់។ ចំណែកអ្នកឆ្លងសរុប មានចំនួន ១០៩ ២៨៦ ករណី ៕ ប្រែសម្រួលដោយ៖ thach yat