ប្រភពប៊ីប៊ីស៊ីផ្សាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា រាល់បុគ្គលិកទាំងអស់បម្រើការ នៅក្នុងសេតវិមាន សហរដ្ឋអាមេរិក ត្រូវតែពាក់ម៉ាស់ តាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។
ការិយាល័យបុគ្គលិករបស់សេតវិមាន បានថ្លែងថា បុគ្គលិកត្រូវតែពាក់ម៉ាស់ លើកលែងតែពេលអង្គុយ នៅនឹងតុធ្វើការរបស់ខ្លួន ដែលត្រូវបានដាក់ឲ្យនៅឆ្ងាយពីសហការីបុគ្គលិកដទៃផ្សេងទៀត។
បទបញ្ជានេះបានកើតឡើង បន្ទាប់ពីជំនួយការរបស់អនុប្រធានាធិបតី Mike Pence និងភរិយារបស់ឥស្សរជននយោបាយម្នាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយធ្វើតេស្តវីរុស ហើយធ្លាក់ខ្លួនឈឺ ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា រូបលោកជាអ្នកដាក់បទបញ្ជានេះ។
លោកប្រធានាធិបតី បានថ្លែង កាលពីថ្ងៃទី១១ ខែឧសភាថា រូបលោកមិនចាំបាច់ពាក់ម៉ាសនោះទេ ព្រោះលោកនៅឆ្ងាយពីមនុស្សគ្រប់គ្នា។លោកបានថ្លែងថា «យើងមានមនុស្សរាប់រយនាក់ចេញចូលនៅក្នុងសេតវិមានរាល់ថ្ងៃ ។ ដូច្នេះ ខ្ញុំគិតថា យើងកំពុងធ្វើនូវការងារដ៏ល្អប្រសើរមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសនេះបាន» ។
សមាជិក៣នាក់របស់កងកម្លាំងសេតវិមានប្រឆាំងកូរ៉ូណាវីរុស ឬកូវីដ១៩នោះ បានផ្តាច់ខ្លួននៅឆ្ងាយដោយឡែកពីគេឯង រយៈពេល២សប្តាហ៍មកហើយ ក្រោយលេចចេញនូវអការធ្លាក់ខ្លួនឈឺ ។
លេខាធិការព័ត៌មានរបស់លោកអនុប្រធានាធិបតី Pence គឺលោកស្រី Katie Miller និងភរិយារបស់លោក Stephen Millerជំនួយការជាន់ខ្ពស់លោកប្រធានាធិបតីត្រាំ ក៏ធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃសុក្រ សប្តាហ៍មុនផងដែរ ។
គួរបញ្ជាក់វា បើតាមប្រភព worldometers អះអាងនៅថ្ងៃទី១២ ខែឧសភាថា នៅអាមេរិក មានអ្នកឆ្លងកូវីដ ១៩ សរុប ១ ៣៨៥ ៧៩៨ នាក់ ក្នុងនោះឆ្លងថ្មី ១៨ ១៦០នាក់ និងបាត់បង់ជីវិត ៨១ ៧៩០ នាក់ (បាត់បង់ជីវិតថ្មី ១ ០០៣នាក់) និង ២៦០ ៧៣៤ នាក់បានជាសះស្បើយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat