ស្ថានភាពជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅជុំវិញពិភពលោក បានកើនឡើង ជាង ៤ ២៥០ ២៥១ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨៦ ៩៥១ នាក់ និង១ ៥២៤ ៩៤៥ នាក់ បានជាសះស្បើយឡើងវិញហើយដែរ។
នេះបើតាមប្រភព Worldometers.info ផ្សាយឲ្យដឹងអំពីតួលេខ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា ជំងឺកូវីដ១៩ នៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការជាក់លាក់នៅឡើយ ខណៈវាកំពុងតែឆ្លងរាតត្បាតនៅដែនដី និងប្រទេសចំនួន២២៩ នៅជុំវិញពិភពលោក ។
វីរុសនេះផ្ទុះឡើងដំបូងគេ នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល នៃប្រទេសចិន ។ ជំងឺនេះបានឆក់យកជីវិតមនុស្សនៅប្រទេសចិនសរុប ៤ ៦៣៣នាក់ ។ បច្ចុប្បន្ននេះ អាមេរិក ជាប្រទេសរងគ្រោះបំផុត ដោយសារជំងឺឆ្លងពីមនុស្សទៅលើមនុស្សនេះ ។
ប្រភព wikipedia អះអាងថា អាមេរិកមានអ្នកឆ្លងសរុប ១ ៣៨១ ១៥០ នាក់ ក្នុងនោះបាត់បង់ជីវិត ៨១ ៣៧៨ នាក់ និង ២១៩ ០៧៩ នាក់បានជាសះស្បើយ ។
បន្ទាប់ពីអាមេរិក គឺប្រទេសអេស្ប៉ាញ ។ អេស្ប៉ាញមានអ្នកឆ្លង ២២៧ ៤៣៦នាក់ ក្នុងនោះ បាត់បង់ជីវិត ២៦ ៧៤៤ នាក់ និង១៣៧ ១៣៩ នាក់បានជាសះស្បើយ ។
ចំណែកអង់គ្លេសវិញ ក្លាយជាប្រទេសរងគ្រោះទី៣នៅលើពិភពលោកដោយសារវីរុសនេះ ។ អង់គ្លេសមានអ្នកឆ្លងសរុប ២២៣ ០៦០ នាក់ ក្នុងនោះបាត់បង់ជីវិត ៣២ ០៦៥នាក់ និងមិនមានរបាយការណ៍អំពីអ្នកជាសះស្បើយនោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat