Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ គ្រប់ការប្រកួតបាល់ទាត់ អាចបន្តឡើងវិញអាស្រ័យលើការប្រកាសជាថ្មីរបស់រាជរដ្ឋាភិបាល

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់ថា គ្រប់ការប្រកួតបាល់ទាត់ដូចជាលីគកំពូលកម្ពុជា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់យុវជនអាយុក្រម១៦ឆ្នាំនិងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ អាចនឹងត្រូវបន្ដការប្រកួតវិញបាន អាស្រ័យលើប្រកាសចំហឡើងវិញពីក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបើកឱ្យមានការជួបជុំជាចំហឡើងវិញ។

លោកអគ្គលេខាធិការរូបនេះអះអាងថា គណៈកម្មការប្រតិបត្តិតែងតែប្រជុំជាឯកច្ឆ័ន្ទជុំវិញការបើកការប្រកួតពានរង្វាន់ផ្សេងៗ គឺរង់ចាំការបើកឱ្យមានការជួបជុំជាចំហវិញនៅពេលណា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាលច្រើន។

ការប្រកួតនេះត្រូវរង់ចាំលើការចង្អុលបង្ហាញពីក្រសួងសុខាភិបាល ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាយើងក៏រង់ចាំពិនិត្យស្ថានភាពរបស់ក្រសួងអប់រំដែរ តើសិស្សានុសិស្សត្រឡប់មកចូលរៀននៅពេលណា តើការធ្វើដំណើរជាទូទៅចំហពេលណា ពេលនោះទើបគ្រប់ការប្រកួតបាល់ទាត់ទាំងអស់អាចនឹងចាប់ផ្ដើមឡើងវិញ។

លោក កែវ សារ៉េត បានបន្ថែមថា យើងមិនមែនប្រងើយកន្តើយ គិតតែខ្លួនឯង នៅតែក្នុងប្រទេសនោះទេ គឺយើងកំពុងតាមដានស្ថានការណ៍ជុំវិញដែរ ដូចជានៅសិង្ហបុរី នៅថៃ នៅវៀតណាម ឬក៏នៅប្រទេសណាដែលនៅអាស៊ានដូចគ្នា ថាតើគេចាប់ផ្ដើមពេលណាដែរ។

គួរម្លឹកផងដែរថា ការប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ព្រមទាំងលីគយុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំត្រូវបានផ្អាកការប្រកួតព្រមៗគ្នា កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ចំពោះលីគកំពូលកម្ពុជាបានដំណើរការប្រកួត៥សប្ដាហ៍ មុនសម្រាក ដោយក្លិបភ្នំពេញក្រោន ឈរកំពូលតារាងមាន ១៣ពិន្ទុស្មើក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដូចគ្នា។ ចំពោះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកការប្រកួតបណ្តោះអាសន្ន ត្រឹមវគ្គជម្រុះក្នុងពូល ថ្នាក់ខេត្ត៕

from: https://tnaot.com/km/m/detail/article/9207420