Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឧបករណ៍ភ្លេងបុរាណខ្មែរ : ឯកតន្ត្រី / ខ្សែមួយ / សាដៀវ / សាយដៀវ

ឯកតន្ត្រី / ខ្សែមួយ / ឬសាយដៀវ(អាចហៅថាសាដៀវក៏បាន) គឺជាឧបករណ៍ភ្លេងមួយមានវ័យចំណាស់ជាងគេទាំងអស់ក្នុងចំណោមឧបករណ៍ភ្លេង ខ្មែរទាំងឡាយ។ 

ឧបករណ៍គឺជាឧបករណ៍ខ្មែរតន្ត្រីខ្មែរសុទ្ធសាធ ទាំងរូបរាង ទាំងសំនៀង ព្រមទាំងវត្ថុធាតុដើមដែលផ្សំឡើង។

ពាក្យថាឯកតន្ត្រី មានន័យថា ខ្សែមួយ ហើយនេះជាលក្ខណៈពិសេសរបស់ឧបករណ៍ខ្សែមួយនេះ។ 

គេតែងតែចាប់អារម្មណ៍យ៉ាងខ្លាំងនូវគំនិតច្នៃប្រឌិតរបស់ បុព្វបុរសខ្មែរយើង ដែលលោកបានបង្កើតឧបករណ៍ដែលមានសូរស័ព្ទយ៉ាងពិសេស លន្លង់លន្លោចនេះឡើង។

ខ្សែមួយមានអាយុរាប់ពាន់ឆ្នាំមកហើយ ដែលខ្មែរយើងនៅរក្សាបានរហូតមកទល់សព្វថ្ងៃនេះ។ 

ខ្សែមួយគឺជាឧបករណ៍ដែលប្រើប្រាស់នៅក្នុងវង់ភ្លេងការ ភ្លេងអារក្ស ដែលមានកំណើតមុន ឬដំណាលគ្នានិងសម័យព្រះថោងនាងនាគ។ 

បច្ចុប្បន្ននេះ ឧបករណ៍ខ្សែមួយនេះគឺនៅសល់តិចតួចបំផុត ដោយសារតែអ្នកចេះលេងពុំសូវមានច្រើន ព្រមទាំងវាជាឧបករណ៍ដែលពិបាករៀន និងពិបាកកេះឲ្យចេញជាសំនៀង។

ខ្សែមួយ គឺជាឧបករណ៍បុរាណខ្មែរដែលមានភាពស្រឡះស្រឡំស្រស់ជាងគេ មានប្រអប់សំនៀងធ្វើពីសំបកផ្លែឃ្លោកទុំ(ឃ្លោកក្អម) និងមានខ្សែលួសស្ពាន់តែមួយសរសៃចងសន្ធឹងពីចុងដងទៅព្រលួត(របួត)។ 

គេដាក់សំបកឃ្លោកជាប់ទៅនឹងដង ត្រង់កន្លែងដែលចងសំបកឃ្លោក។ សំបកឃ្លោកនេះមិនមានពាសស្បែកអ្វីទេ។

នៅពេលសំដែង អ្នកលេងយកសំបកឃ្លោកដែលចំហម្ខាងនេះទៅផ្ទប់ផ្អិបថ្នមៗ ជាប់នឹងដើមទ្រូង ឬពោះ ដើម្បីឲ្យមានសម្លេងខ្ទ័រងំ។ នៅពេលដែលគេចង់ធ្វើឲ្យមានសម្លេងញ័រ គេត្រូវអង្រួនសំបកឃ្លោក។

គេច្រើនប្រើខ្សែមួយនៅក្នុងវង់ភ្លេងការ ភ្លេងអារក្ស ឬក៏សំដែងទោលដូចចាប៉ីដងវែងដែរ។ ដងនិងព្រលួត ខ្សែមួយធ្វើពីឈើខ្លឹម ដែលមានបញ្ចុះភ្លុក ឬឆ្អឹងជាគ្រឿងលំអ។ 

នៅខាងចុងដែលពត់ងខ្វង់ឡើងនោះ គេមានឆ្លាក់ជាក្បាច់ក្បាលនាគយ៉ាងសង្ហា។ខ្សែដៀវមានបណ្តោយប្រវែង ០,៨០ ម៉ែត្រ ព្រលួតមានប្រវែង ០,១៥ ម៉ែត្រ រីឯមុខសំបកឃ្លោកវិញ មានបន្ទាត់ផ្ចិតប្រវែង ០,២០ ឬ ០,២៥ ម៉ែត្រ។ 

គេកេះខ្សែមួយ នឹងក្រចកដែកធ្វើពីបំពង់ស្ពាន់ កាត់រាងបញ្ឆិត ហើយដែលអ្នកលេងពាក់នៅចុងម្រាម ចង្អុរខ្មោច ឬនាងដៃស្តាំ។ 

នៅពេលកេះ គេតែងយកមេដៃទៅប៉ះនឹងខ្សែ ហើយដកមកវិញយ៉ាងរហ័ស ដើម្បីធ្វើអោយមានសម្លេង តូមៗ។ បើពុំធ្វើដូចនេះទេ វានិងគ្មានបញ្ចេញសម្លេងអ្វីឡើយ។ 

គេប្រើម្រាមដៃឆ្វេង សម្រាប់ចុចសង្កត់ខ្សែនៅជិតសំបកឃ្លោក ដែលផ្អោបខ្ទប់ទៅនឹងដើមទ្រូងនោះ។

ខ្សែមួយជាឧបករណ៍ភ្លេងមួយដែលបន្លឺសម្លេងផ្តក់ ដាច់ៗ កាត់ៗ ពីមុខពីក្រោយឧបករណ៍ដទៃទៀត ធ្វើឲ្យគេឭសូរសម្លេងវាលេចធ្លោពីចន្លោះ សម្លេង ឧបករណ៍ផ្សេងៗ នៅពេលប្រគំ។

ដកស្រង់ចេញពី៖ សៀវភៅកម្រងឯកសារស្តីពី ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ និពន្ធដោយលោក មៀចប៉ុណ្ណ

from: https://tnaot.com/km/m/detail/article/9207244