បើគិតត្រឹមវេលារសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៥៩៥៩៤នាក់ ក្នុងនោះស្លាប់១៩០៨នាក់ និងជាសះស្បើយ១៦០០២នាក់។
សិង្ហបុរី ក្លាយជាប្រទេសក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកើនឡើងច្រើនជាងគេ ដោយមានអ្នកឆ្លង២៣ ៨២២នាក់ ស្លាប់២០នាក់ និងជាសះស្បើយ២៧២១នាក់។ ចំណែកប្រទេសមានអ្នកឆ្លងច្រើនបន្ទាប់ពីសិង្ហបុរី គឺឥណ្ឌានេស៊ី មានអ្នកឆ្លង១៤ ២៦៥នាក់ ស្លាប់៩៩១នាក់ និងជាសះស្បើយ ២៨៨១នាក់។ ប៉ុន្ដែប្រទេសឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាននេះ។
ហ្វីលីពីន ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅតំបន់អាស៊ាន ដោយមានអ្នកឆ្លង ១១ ០៨៦នាក់ ស្លាប់៧២៦នាក់ និងជាសះស្បើយ១៩៩៩នាក់។ រីឯម៉ាឡេស៊ី មានអ្នកឆ្លង ៦៦៥៦នាក់ ស្លាប់១០៨នាក់ និងជាសះស្បើយ៥០២៥នាក់។
ប្រទេសថៃ មានអ្នកឆ្លង៣០១៥នាក់ ស្លាប់៥៦នាក់ និងជាសះស្បើយ២៧៩៦នាក់។ វៀតណាម មានអ្នកឆ្លង២៨៨នាក់ មិនមានអ្នកស្លាប់ និងជាសះស្បើយ២៤១នាក់។ មីយ៉ាន់ម៉ាន មានអ្នកឆ្លង១៨០នាក់ ស្លាប់៦នាក់ និងជាសះស្បើយ៧២នាក់។ ប្រទេសប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់ម្នាក់ និងជាសះស្បើយ១៣៤នាក់។
ប្រទេសកម្ពុជា ក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មិនមានករណីឆ្លងថ្មីឡើយ ដោយមានអ្នកឆ្លងតែ១២២នាក់ មិនមានអ្នកស្លាប់ និងជាសះស្បើយ១២០នាក់។ រីឯប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានអ្នកស្លាប់ និងជាសះស្បើយ១៣នាក់៕ ប្រែសម្រួលដោយ Nuon