ក្នុងពេលមានវិវាទកាន់តែខ្លាំង រវាងចិន និងអាមេរិក ពាក់ព័ន្ធនឹងកូវី១៩នោះ ចិនបានសាកល្បងយន្តហោះទម្លាក់គ្រាប់ ប្រភេទ H-20 ដែលជាយន្តហោះទម្លាក់គ្រាប់បំបាំងកាយដ៏ទំនើបបំផុតរបស់ចិន។
សារព័ត៌មានចិន បានផ្សាយថា យន្តហោះទម្លាក់គ្រាប់ H-20 ឬហៅថា Hongzha -20 របស់កម្លាំងទាហានបដិវត្តន៍ប្រជាជនចិន បានហោះហើរសាកល្បង ដោយជោគជ័យ រយៈពេលជាង១ម៉ោង។ យន្តហោះខាងលើ បានផលិតឡើង មានរូបរាងដូចទៅនឹងយន្តហោះ F-117 របស់អាមេរិក ។ បើតាមគម្រោង ចិននឹងដាក់បង្ហាញ នៅក្នុងពិធីតាំងពិព័រណ៍អាកាសចរណ៍នៅខែវិច្ឆិកា ឆ្នាំ២០២០ ។
ទោះជាយ៉ាងណា ព័ត៌មានពាក់ព័ន្ធនឹងយន្តហោះទមា្លក់គ្រាប់ខាងលើ មិនត្រូវបានបញ្ជាក់លម្អិតនោះឡើយ ថាតើវាមានតួនាទីមានអ្វីខ្លះ? យន្តហោះ H-20 បានហោះហើរ នៅវេលាម៉ោង៩និង៥០នាទី ថ្ងៃទី១០ ខែឧសភា ហើយចុះចតមកវិញ នៅវេលាម៉ោង១១ ហើយ ការហោះហើរខាងលើ បានបញ្ចប់ទៅដោយជោគជ័យ។
សូមបញ្ជាក់ថា យន្តហោះ H-20 អាចហោះហើរបានឆ្ងាយជាង៥ដង នៃយន្តហោះ H-6k ។ យន្តហោះ H-20 អាចហោះចាកចេញពីចិន ទៅទមា្លក់គ្រាប់នៅលើទឹកដីអាមេរិកបានយ៉ាងងាយស្រួល។ ក្នុងពេលអនាគត យន្តហោះ H-20 នឹងត្រូវផលិតជាច្រើនគ្រឿង ដើម្បីពង្រឹង ដល់កម្លាំងទាហានយុទ្ធសាស្ត្ររបស់ចិន៕ ប្រែសម្រួលដោយ៖ MEO