ភ្នំពេញ៖ ដោយសារយើងមិនអាចទាយទុកបានជាក់លាក់ សម្រាប់ការវិវឌ្ឍន៍របស់មេរោគ និងការផ្ទុះរាតត្បាតរលកទី២ អង្គការសុខភាពិភពលោក WHO សូមធ្វើការណែនាំបីចំណុចសំខាន់ៗ ដើម្បីត្រៀមខ្លួនសម្រាប់ការកើតឡើងរលកទី២។ នេះបើតាមការឲ្យដឹងពីលោកស្រី វេជ្ជបណ្ឌិត លី អៃឡែន តំណាងអង្គការសុខភាពពិភពលោក នៅកម្ពុជា ក្នុងវេទិកាសន្និសីទសារព័ត៌មានស្តីពី បច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។
ចំណុចទី១ លោកស្រីបានបកស្រាយថា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះមេរោគមានភាពឆ្លាត ហើយពេលខ្លះវាអាចឆ្លាតជាងមនុស្សទៅទៀត ដូចច្នេះប្រសិនជា យើងមិនមានការប្រុងប្រយ័តខ្ពស់ ហើយធ្វេសប្រហែស ដោយសារឃើញអ្វីៗរាងស្រួលទៅវិញ នោះគឺមេរោគអាចវាយលុកយើង គ្រប់ពេលវេលាទាំងអស់ ។
ទី២ យើងត្រូវផ្លាស់ប្តូរឥរិយាបទរបស់យើង ព្រោះមេរោគនេះវាបានផ្លាស់ប្តូរពិភពលោកយើងដែរ ដូចច្នេះយើងត្រូវផ្លាស់ប្តូរ ឥរិយាបទដើម្បីប្រយុទ្ធប្រឆាំងជាមួយវា ដូចជាការផ្លាស់ប្តូរឥរិយាបទទាំងការសិក្សា ការធ្វើដំណើរ និងផ្សេងៗទៀតគឺយើងត្រូវបង្កើត នូវឥរិយាបទថ្មីមួយ សម្រាប់សម្របជាមួយការផ្ទុះរាតត្បាតនេះ។
លោកស្រី លី អៃឡែនថា យើងម្នាក់ៗនៅពេលដែលស្ថានភាពធូរស្បើយ យើងតែតែចង់ត្រឡប់ទៅកាន់ភាពធម្មតាវិញ ប៉ុន្តែសម្រាប់អង្គការសុខភាពពិភពលោក នៅតែអំពាវនាវ មុននឹងធ្វើការសម្រេចចិត្តទៅកាន់ ភាពធម្មតាវិញនោះ គឺយើងត្រូវតែច្បាស់ថា រាល់បុគ្គលម្នាក់ៗ ស្ថាប័ននីមួយៗ ត្រូវតែមានការទទួលខុសត្រូវច្បាស់ប្រាកដ នៅកន្លែងដែលយើងត្រូវធ្វើ តែបើមិនច្បាស់ទេគួរកុំអាលត្រឡប់ទៅភាពធម្មតាវិញអី។
ចំណុចចុងក្រោយ លោកស្រីតំណាង WHO បានបញ្ជាក់ថា យើងត្រូវត្រៀមរៀបចំខ្លួនជាស្រេច សម្រាប់ការឆ្លើយតបទ្រង់ទ្រាយធំ អង្គការសុខភាពពិភពលោកកត់សម្គាល់ឃើញថា កម្ពុជាមានភាពល្អប្រសើរណាស់សម្រាប់រយៈពេលបីខែកន្លងមក ប៉ុន្តែបើសិនជាមាការផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំ យើងមិនបានត្រៀមរៀបចំខ្លួនជាស្រេចទេនោះ គឺគ្រោះថ្នាក់មួយ គួរឲ្យព្រួយបារម្ភរបស់ពួកយើង៕ ដោយ៖ ប៊ុនធឿន