ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេស ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដែល TNAOT APP ទទួលបាននៅថ្ងៃនេះ។
តាមសេចក្តីជូនដំណឹងនោះ បានឲ្យដឹងថា ស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានសញ្ញាថយចុះជាវិជ្ជមាន រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចពន្យារសុពលភាព នៃការអនុវត្តបទបញ្ជាពិនិត្យការធ្វើដំណើរ ដែលមានលក្ខខណ្ឌធូរស្រាលជាងមុនរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ការពន្យារពេលបន្ថែមនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបន្ធូរបន្ថយ និងអនុញ្ញាតឲ្យមានការធ្វើដំណើរ នៅក្នុងរដ្ឋនីមួយៗឡើងវិញ ជាពិសេសសកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្តែត្រូវអនុវត្តតាមស្តង់ដាប្រតិបត្តិ សំដៅធានាទប់ស្កាត់ និងបង្ការការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ៕ ប៊ុនធឿន