ស្ថានទូតថៃនៅទីក្រុងសេអ៊ូលបង្ហាញសារគំរាមកំហែង Lisa ក្រុម BLACKPINK និងប្រតិកម្មរបស់ YG
ស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលបានបង្ហាញថា Lisa សមាជិកក្រុម BLACKPINK ទទួលបានសារគំរាមកំហែងមួយចំនួន។ យោងតាមសារព័ត៌មាន Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថា ស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលបានបង្ហោះសារក្នុងគណនីធ្វីតធឺផ្លូវការរបស់ខ្លួនថា “យើងទទួលបានអ៊ីម៉ែល និងសារធ្វីតធឺមួយចំនួនកាលពីថ្ងៃទី២-៦ ពាក់ព័ន្ធនឹងសារគំរាមកំហែងដែលបានផ្ញើសំដៅទៅ Lisa ។
យើងបានជម្រាបផលិតកម្ម YG Entertainment ដែលជាភ្នាក់ងាររបស់នាង អំពីរឿងនេះ”។ មន្ត្រីម្នាក់ពីខាងស្ថានទូតនេះបានបញ្ជាក់ប្រាប់សារព័ត៌មានកូរ៉េមួយចំនួនតាមទូរសព្ទថា ព័ត៌មានដែលបានបង្ហោះក្នុងធ្វីតធឺគឺជារឿងពិត ហើយស្ថានទូតនេះបានរៀបរាប់ថា ពួកគេបានសម្រេចបង្ហោះសារនេះ ពីព្រោះ Lisa នៅប្រទេសថៃ។
ផលិតកម្ម YG Entertainment បានថ្លែងថា “យើងកំពុងចាត់វិធានការដ៏ល្អបំផុតដើម្បីធានាសុវត្ថិភាព និងជាការការពារតារាចម្រៀង និងអ្នកគាំទ្រ។ យើងក៏ដឹងពីបញ្ហានេះដែរ ហើយយើងនឹងប្រមូល និងពិនិត្យមើលភ័ស្តុតាងតាមរយៈការពិនិត្យមើលទិន្នន័យជាប្រចាំ ក៏ដូចជាសេចក្តីរាយការណ៍ពីអ្នកគាំទ្រផងដែរ។ យើងនឹងធ្វើការឆ្លើយតបយ៉ាងមុតមាំដោយគ្មានការអត់ធ្មត់ឡើយ”៕