រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo នឹទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។
ដំណើរទស្សនកិច្ចនោះ ត្រូវបានគេដឹងថា ដើម្បីចូលរួមពិភាក្សា នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាល ដែលកំពុងលេចធ្លោនេះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) ក៏ដូច បញ្ហាសន្តិសុខក្នុងតំបន់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់ផងដែរ ។ នេះបើតាមការចេញប្រកាសរបស់ក្រសួងការបរទេសអាមេរិក ផ្សព្វផ្សាយ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។
ប្រភព Sputnik បានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានរដ្ឋសភាអ៊ីស្រាអែល Knesset គឺលោក Benny Gantz មានគម្រោងស្បថចូលកាន់តំណែងដឹកនាំរដ្ឋាភិបាលថ្មីរបស់ពួកគេ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០, ប៉ុន្តែដោយសារ តែដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក, ពិធីស្បថនោះ ត្រូវបានប្រកាសពន្យារពេល ។ ប្រភពនេះ បានដកស្រង់ប្រភព channel 12 បានផ្សព្វផ្សាយផងដែរ ។
គេរំពឹងថា ភាគីទាំងនេះ នឹងពិភាក្សាផ្តោតលើបញ្ហាអ៊ីរ៉ង់ និងការបញ្ចូលផ្នែកខ្លះនៃតំបន់វេស្ដប៊ែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល នៅក្នុងអំឡុងពេលចរចានោះ ។
ដំណើរទស្សនកិច្ចរបស់លោក Pompeo ធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងលោក Netanyahu និងលោក Gantz បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាល នៅអ៊ីស្រាអែល ក្រោយពីការបោះឆ្នោត៣ដង ក្នុងរយៈពេលតិចជាងមួយឆ្នាំ ។
នៅថ្ងៃទី៦ ខែឧសភា តុលាការកំពូលអ៊ីស្រាអែលបានអនុញ្ញាតឱ្យលោក ណេតាន់យ៉ាហ៊ូ បង្កើតរដ្ឋាភិបាល ទោះបីជាត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងបង្កើតសម្ព័ន្ធភាពរវាងសម្ព័ន្ធមិត្ត លីគុដ (Likud) និងសម្ព័ន្ធមិត្ត ខៀវ និង ស បន្ទាប់ពីមានភាពមិនប្រាកដប្រជាផ្នែកនយោបាយជាច្រើនខែ ដោយមានការបោះឆ្នោតកញ្ចប់រហូតដល់បីដងជាប់គ្នា រយៈពេលតិចជាង មួយឆ្នាំ។
ក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះនេះ តំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល នឹងមានការវិលជុំ ។ ពាក់កណ្តាលអាណត្តិដំបូងគឺក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់យ៉ាហ៊ូ ។ ប៉ុន្តែពាក់កណ្តាលអាណត្តិក្រោយវិញ ដឹកនាំដោយនាយករដ្ឋមន្ត្រី Benny Gantz វិញ ៕ ប្រែសម្រួលដោយ៖ thach yat