ប្រទេសម៉ាឡេស៊ីនឹងនៅតែបន្តបិទទ្វារប្រទេសចំនួន ៤សប្តាហ៍ទៀត ដែលអនុញ្ញាតឱ្យដំណើរការសេដ្ឋកិច្ចស្ទើរតែទាំងអស់លើកលែងតែព្រំដែនប្រទេសនិងសាលារៀនប៉ុណ្ណោះដែលនៅតែបិទដដែល។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បាននិយាយក្នុងពិធីសុន្ទរកថា នៅក្នុងទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងរដ្ឋដែលក្រុមគ្រួសារនីមួយៗត្រូវកំណត់ចំនួនសមាជិកមុនចេញធ្វើដំណើរ។ លោកបានមានប្រសាសន៍ថា ប៉ុន្មានសប្តាហ៍ខាងមុខនេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកយើង ព្រោះថាប្រសិនបើអំឡុងពេលបន្ធូរបន្ថយនេះនៅតែរក្សាចំនួនអ្នកឆ្លងវីរុសថយចុះ នោះប្រទេសអាចនឹងបើកដំណើរការឡើងវិញ ប៉ុន្តែប្រសិនបើក្នុងអំឡុងពេលនេះមានការកើនឡើងករណីឆ្លង នោះប្រទេសអាចនឹងទទួលបានការរឹតបន្តឹងបន្ថែមឡើងវិញ។ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យគ្រប់វិស័យទាំងអស់បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី៤ ខែឧសភាក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ច បន្ទាប់ពីបិទទ្វាររយៈពេល ២ខែកន្លងមក។ ក្រុមហ៊ុនទាំងអស់ព្យាយាមឱ្យកម្មកររបស់ពួកគេត្រូវធ្វើតេស្តវីរុសកូរ៉ូណាមុនពេលបន្តការងារជាថ្មី។
រូបតំណាង
ទោះបីជាការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាបានថយចុះនៅពេលថ្មីៗនេះក៏ដោយ គេក៏សង្កេតឃើញថាប្រទេសនេះមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងនៅដើមខែឧសភាផងដែរ។ ជាក់ស្តែងមានអ្នកឆ្លងចំនួន ១០៥នាក់នៅថ្ងៃទី២ ខែឧសភា និង ១២២នាក់ នៅថ្ងៃទី៣ ខែឧសភាដែលនេះជាតួលេខកើនឡើងច្រើនខ្លាំងណាស់។ អ្នកឆ្លងភាគច្រើនជាប្រជាជនដែលបានត្រឡប់មកពីបរទេស។ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងវីរុសចំនួន ៥៤ករណីថ្មីកាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៦៥៨៩ករណី។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post