ប្រទេសទាំងពីរគឺឥណ្ឌា និងចិន មានព្រំដែនជាប់គ្នាប្រវែង ២,៤០០ ម៉ាយល៍ (ជាង៣៨៦០គីឡូម៉ែត្រ) ។ យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងការពារជាតិឥណ្ឌា បញ្ជាក់ថា កងទ័ពចិនបានរំលោភចូលទឹកដីឥណ្ឌាចំនួន ៧៥២ ដង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការចូលទឹកដីរបស់ប្រទេសនីមួយៗ ។
ក្រុមមន្រ្តីក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ទាហានជាច្រើននាក់បានរងរបួសបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាង កងទ័ពឥណ្ឌា និងចិន បានផ្ទុះឡើងនៅតាមបណ្តោយព្រំដែននៅ Sikkim ។
យោងតាមមន្រ្តីការពារជាតិជាន់ខ្ពស់បញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរបានធ្វើឡើងនៅជិតតំបន់ Naku La (ខាងមុខតំបន់ Muguthang) ដែលជាកន្លែងឆ្លងកាត់នៅរយៈចម្ងាយជាង ៥០០០ ម៉ែត្រ ពីតំបន់ Sikkim ។
ទាហានឥណ្ឌា ៤ នាក់ និងចិន ៧ នាក់បានរងរបួសក្នុងពេលប្រឈមមុខដាក់គ្នា ។ ទាហានជាង ១៥០ នាក់បានចូលរួមនៅក្នុងការប្រឈមមុខគ្នានេះ។ មន្ត្រីការពារជាតិរូបនេះបាននិយាយថា ការប្រឈមមុខដាក់គ្នាត្រូវបានដោះស្រាយនៅថ្នាក់មូលដ្ឋាន ។
នេះមិនមែនជា លើកទី ១ ទេ ដែលប្រទេសយក្សអាស៊ីទាំងពីរ បានប្រឈមមុខដាក់គ្នានៅតំបន់ Sikkim នេះ ។ នៅឆ្នាំ ២០១៧ ការប្រឈមមុខដាក់គ្នារយៈពេល ២ ខែកន្លះ រវាងកងទ័ពឥណ្ឌា និងចិនបានកើតឡើងនៅក្នុងតំបន់ Doklam ដែលជាចំណុចប្រសព្វ នៅព្រំដែនបំបែកប្រទេសឥណ្ឌា ប៊ូតាន (Bhutan) និងចិន បន្ទាប់ពីកងទ័ពឥណ្ឌាបានជំទាស់នឹងការស្ថាបនាផ្លូវរបស់ចិន។
ការប្រឈមមុខដាក់គ្នាបានបង្កើតឱ្យមានការត្រៀមនូវកម្លាំងយោធា រវាងប្រទេសទាំងពីរ។ ស្ថានការណ៍បានប្រែជាធម្មតាវិញ បន្ទាប់ពីភាគីទាំងសងខាងបានយល់ព្រមដកខ្លួននៅខែសីហា ឆ្នាំ ២០១៨ ៕ ប្រែសម្រួលដោយ៖ thach yat