ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ ពលករទាំងអស់ដែលបានត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា កុំទាន់ត្រឡប់ទៅកាន់ប្រទេសថៃ នៅក្នុងដំណាក់កាលនេះឱ្យសោះ ព្រោះអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសនោះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Fresh News នៅរសៀលនេះ។
លោក ម៉ម ប៊ុនហេង បានថ្លែងថា បងប្អូនមិនគួរត្រលប់ទៅប្រទេសថៃវិញទេនៅពេលនេះ ព្រោះថាការត្រលប់ទៅវិញនៅពេលនេះ គឺដូចជាការដែលបងប្អូនវិលទៅរកការប្រឈមមុខខ្ពស់ នឹងការឆ្លងមេរោគកូវីដ១៩ផងដែរ។ លើសពីនេះទៅទៀត ការធ្វើដំណើរឆ្លងដែននៅរដូវនេះ បងប្អូននឹងប្រឈមមុខខ្ពស់ នឹងការ ឆ្លងជំងឺគ្រុនចាញ់ថែមទៀតផង។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា ជីវិតរបស់យើងម្នាក់ៗសំខាន់ណាស់ បើយើងនៅមានជីវិតរស់នៅ យើងត្រូវប្រើប្រាស់ឱកាសដ៏មានតំលៃនេះ ដើម្បីកសាងជីវភាពរស់នៅប្រកបដោយសុខមាលភាព និងវឌ្ឍនភាពក្នុងគ្រួសារនិង សង្គមរបស់យើង។ មិនគួរប្រថុយប្រថានចំពោះបញ្ហាប្រឈម ដែលអាចគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ហេតុនេះលោកយសូមអំពាវនាវដោយទទូចសូមបងប្អូនពលករទាំងអស់ មេត្តាចូលរួមគោរពតាមការណែនាំរបស់រាជរាដ្ឋាភិបាលក្នុងការទប់ស្កាត់ ការចំលងមេរោគកូវីដ១៩។
គិតរហូតមកដល់ថ្ងៃទី១០ ខែឧសភានេះ ប្រទេសថៃ នៅតែរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីៗជាបន្តបន្ទាប់ ដែលករណីឆ្លងសរុបកើនដល់ ៣,០០៤ករណី ក្នុងនោះស្លាប់ ៥៦នាក់៕ ដោយ៖ ប៊ុនធឿន