ភ្នំពេញ៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសគូវ៉ែត បានក្រើនរំឭកដល់ប្រជាពលរដ្ឋ សិស្ស-និស្សិតខ្មែរ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺឆ្លងកូវីដ១៩ ខណៈអាជ្ញាធរនៃប្រទេសអារ៉ាប់មួយនេះ សម្រេចដាក់ចេញនូវវិធានការបិទប្រទេស សម្រាប់រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉េត ដែល TNAOT APP ទទួលបាននៅថ្ងៃនេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសគូវ៉ែត បានប្រកាសថា៖ «នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលគូវ៉ែត បានសម្រេចចេញនូវសេចក្តីប្រកាសបិទប្រទេសទាំងស្រុងរយៈពេល ២៤ម៉ោងលើ២៤ម៉ោង គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយសារការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ នៅទូទាំងប្រទេសមានការកើនឡើងច្រើន។
ពាក់ព័ន្ធ នឹងសេចក្តីសម្រេចខាងលើនេះ ស្ថានទូតខ្មែរប្រចាំប្រទេសគូវ៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស-និស្សិតខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសគូវ៉ែត សូមចូលរួមសហការជាមួយអាជ្ញាធរឲ្យបានល្អ ព្រមទាំងបានក្រើនរំលឹកដល់ពួកគេ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះឆ្លងដ៏កាចសាហាវមួយនេះ៕ ដោយ ៖ ប៊ុនធឿន