កូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែឧសភា បានកត់ត្រាថា មានការឆ្លងកូវីដ១៩ថ្មីចំនួន៣៤ករណី ។ ប៉ុន្តែមេដឹកនាំរបស់ប្រទេសនេះអះអាងថា មិនមានអ្វីដែលជាចំណុចគួរឲ្យភ័យខ្លាចនោះទេ ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់កូរ៉េខាងត្បូងអះអាងថា នៅក្នុងប្រទេសនេះ មានអ្នកឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) សរុប ១០ ៨៧៤នាក់ ក្នុងនោះបាត់បង់ជីវិត ២៥៦នាក់ និង៩ ៦១០ នាក់បានជាសះស្បើយ ។ ប្រភពថា មនុស្សចំនួន ១០ ១២៨ នាក់ត្រូវបានធ្វើតេស្តរកវីរុស ។
ប្រទេសនេះមានឆ្លងថ្មីក្នុងស្រុក២៦នាក់ ហើយក្រៅពីនោះក្នុងចំណោម៣៤ករណី ចម្លងមកពីប្រភពខាងក្រៅ ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានអះអាងថា នេះជាលើកដំបូងហើយដែលក្នុងមួយថ្ងៃ មានការឆ្លងលើសពី៣០នាក់ ក្នុងអំឡុងរយៈពេលមួយខែនេះ ។
ដោយឡែកនៅក្នុងប្រទេសចិនវិញ តាមប្រភព AP បានផ្សាយថា ការឆ្លងកូវីដ១៩បានកើនឡើងក្នុងរយៈពេល១០ថ្ងៃមកនេះ ។ នៅថ្ងៃទី១០ ខែឧសភា ចិនបានកត់ត្រាថា មាន១៤ករណីឆ្លងថ្មី ហើយក្នុងនោះ២ករណីមកពីប្រភពខាងក្រៅ ។
គ្មានអ្នកស្លាប់ថ្មីដោយសារវីរុសនេះទេ នៅក្នុងប្រទេសចិនអស់រយៈពេលជិតមួយខែចុងក្រោយនេះ ។ ប្រទេសចិន មានអ្នកស្លាប់សរុបចំនួន ៤.៦៣៣ នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៨២.៩០១ ករណី ។
ការកើនឡើងចំនួនអ្នកឆ្លងថ្មីនេះ ជំរុញឱ្យមានការព្រួយបារម្ភ ខណៈវិធានការគម្លាតសង្គមយ៉ាងតឹងរឹង ទើបតែត្រូវបានបន្ធូរបន្ថយ និងការបើកសាលារៀនឡើងវិញ ក៏ដូចជាបើកទ្វារស្ថាប័នសាធារណៈផ្សេងទៀតផងដែរនោះ ៕ ប្រែសម្រួលដោយ៖ thach yat