ភ្នំពេញ៖ រហូតដល់ម៉ោង ៧នាទីព្រឹក ថ្ងៃទី ១០ ឧសភា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បើយថ្មីទេ។ នេះបើតាមហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
ប្រធាន CDC លោក លី សូវ៉ាន់ បានឲ្យដឹងថា ករណីជាសះស្បើយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
លោកប្រធាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន ១៣៤៤៨ ស្មើនឹង ៨២៧ ក្នុង១លាននាក់៕ ដោយ៖ ប៊ុនធឿន