កាលពីពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ការប្រារព្ធខួបរំលឹកទិវាជ័យជម្នះរបស់ស៊ូវៀត និងសម្ពន្ធមិត្តទៅលើកងកម្លាំងណាស៊ីត្រូវបានពន្យារពេល ដោយសារតែជំងឺកូវីដ១៩ ឆ្លងរាតត្បាតនៅក្នុងប្រទេស ។ ប៉ុន្តែយ៉ាងណាក៏ដោយ ព្យុហយាត្រាតាមដែនអាកាស និងការបាញ់កាំជ្រួចនៅតែបន្តកើតមានដដែលទេ ។
ប្រភព sputnik បានផ្សាយថា យន្តហោះ និងឧទ្ធម្ភាគចក្រ៧៥គ្រឿងបានហោះហើរនៅលើទីលានក្រហម និងវិមានក្រឹមឡាំងនៅទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ក្នុងពិធីព្យុហយាត្រាពីលើអាកាស ដើម្បីឧទ្ធិសដល់ខួបលើកទី៧៥ នៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ។
ជាមួយគ្នានេះផងដែរ រុស្ស៊ីក៏បានហោះហើរអមដោយយន្តហោះ Mi35M ក៏ដូចជាហោះហើរឧទ្ធម្ភាគចក្រ Ka-52 Alligator និងអ្នកប្រមាញ់ពេលរាត្រី ដែលជាឧទ្ធម្ភាគប្រយុទ្ធគ្រប់ទម្រង់អាកាសធាតុទាំងអស់ ។
ការហោះហើរដំបូងនៅក្នុងព្យុហយាត្រាតាមអាកាសនេះគឺយន្តហោះចារកម្ម A-500 និងយន្តហោះដឹកជញ្ជូនយោធា Il-76MD បានហោះហើរនៅពីលើទីលានក្រហម ។ នៅពីលើទីក្រុងមូស្គូ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS បានហោះហើរ អមពីក្រោយដោយយន្តហោះ៤គ្រឿងទៀត គឺយន្តហោះទម្លាក់គ្រាប់បែក Tu-22M3s និងយន្តហោះ Tu-160 ។
យន្តហោះចាក់ប្រេងនៅលើអាកាស Il-78 បានបង្ហាញខ្លួន និងចាក់ប្រេងឲ្យយន្តហោះ Tu-160 ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង ។ Tu-160 នេះរុស្ស៊ីបង្កើតឡើងមានគោលដៅខ្ពស់ប្រយុទ្ធប្រឆាំងជាមួយសត្រូវ ដោយអាចបំពាក់មីស៊ីលឆ្លងទ្វីបយ៉ាងតិច១២គ្រាប់ ។
យន្តហោះចម្បាំងជំនាន់ទី៤ MiG-29SMT ចំនួន៥គ្រឿង តាមពីក្រោយដោយន្តហោះទម្លាក់គ្រាប់បែកក្នុងសមរភូមិជួរមុខ Su-24M និងយន្តហោះវាយស្ទាក់យន្តហោះចម្បាំង MiG-31Kចំនួន៤គ្រឿងបំពាក់ជាមួយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Dagger ។
យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ Su-57, យន្តហោះប្រយុទ្ធ និងទម្លាក់គ្រាប់បែក Su-34, យន្តហោះ Su-35S និងយន្តហោះចម្បាំង Su-30SM ក៏បានចូលរួមព្យុហយាត្រាតាមអាកាសនេះដែរ ៕ ប្រែសម្រួលដោយ៖ thach yat