កាលពីថ្ងៃសៅរ៍មានជនបរទេស ៣ នាក់ត្រូវបានឃុំខ្លួនពីបទរំលោភលើច្បាប់គ្រាអាសន្នបន្ទាប់ពីអាជ្ញាធរបានប្រទះឃើញពួកគេហែលទឹកនៅឆ្នេរដែលបានហាមឃាត់ក្នុងទីក្រុង Pattaya នៃប្រទេសថៃ។
លោក Athiwat Yungklang អាជ្ញាធរទីក្រុង Pattaya បានមានប្រសាសន៍ថា មានជនជាតិអ៊ុយក្រែនម្នាក់ និងរុស្ស៊ី ២នាក់ ត្រូវបានគេប្រទះឃើញនៅខាងក្រោយសណ្ឋាគារអាស៊ីខណៈពេលដែលមន្ត្រីមូលដ្ឋានកំពុងល្បាតតំបន់ឆ្នេរនោះនៅថ្ងៃដំបូងនៃការបិទឆ្នេរត្រូវបានចាត់ចូលជាធរមាន។ លោកបាននិយាយថា ក្រុមការងាររបស់លោកបានប្រាប់ឱ្យស្ត្រីទាំងពីរនាក់និងបុរសម្នាក់ដែលកំពុងហែលទឹកក្នុងតំបន់ហាមឃាត់នោះឱ្យឡើងទៅច្រាំងវិញ ប៉ុន្តែពួកគេមិនអើពើនឹងការព្រមានឡើយ លោកក៏បានហៅប៉ូលិសមកឃាត់ខ្លួនពួកគេតែម្តង។
ពួកគេទាំង ៣ នាក់ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុង Pattaya ដើម្បីចាត់ការតាមផ្លូវច្បាប់។ អ្នករំលោភលើក្រឹត្យច្បាប់អាសន្នអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំនិងពិន័យជាប្រាក់ចំនួន ១០ម៉ឺនបាត។ ទីក្រុង Pattaya បានបញ្ជាឱ្យបិទឆ្នេរចំនួន៨ ចាប់ពីថ្ងៃសៅរ៍ទី៩ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ប្រជាជនអាចធ្វើលំហាត់ប្រាណនៅលើកំរាលថ្មតាមបណ្តោយឆ្នេរបាន ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើដំណើរលើឆ្នេរ ឬហួសព្រំដែនហាមឃាត់ទេ។ លើសពីនេះ ការបរិភោគអាហារ ក៏ត្រូវបានហាមឃាត់ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post