ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងមួយជាផ្លូវការ ដោយផ្តោតទៅលើការព្យួរកិច្ចសន្យាការងារ នឹងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្តោតយ៉ាងសំខាន់ទៅលើនីតិវិធី និងប្រាក់ឧបត្ថម្ភ រវាងរាជរដ្ឋាភិបាល ថៅកែរោងចក្រ និងកម្មករ-កម្មការិនីជាដើម។
នៅក្នុងចំណុចក៤ នៃសំណើសុំព្យួរកិច្ចសន្យាការងារ បានតម្រូវឱ្យកម្មករនិយោជិតត្រូវទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈភ្នាក់ងារវីង ដោយចំនួន១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យា ការងាររយៈពេល ៧ថ្ងៃទៅ១០ថ្ងៃ និងចំនួន៣០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យារយៈពេល១១ថ្ងៃ ដល់ ២០ថ្ងៃ ដោយឡែកចំនួន៤០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល២១ថ្ងៃដល់១ខែ។
នៅក្នុងសេចក្តីប្រកាសដដែលនេះក៏បានបញ្ជាក់ថា ក្រោយពេលព្យួរកិច្ចសន្យាការងារចំនួន១០ថ្ងៃ កម្មករ និងទទួល បានសារតាមទូរសព្ទពីធនាគារឯកទេសវីង ដែលជម្រាបដំណឹងអំពីចំនួនទឹកប្រាក់ដែលត្រូវទទួលបាន។ ជាមួយគ្នានេះធនាគារឯកទេសវីង និងបង្វិលថវិកានោះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនបើបងប្អូនណាម្នាក់ខកខានទៅបើកប្រាក់ឧបត្ថម្ភនោះ ក្នុងរយៈពេល១០ថ្ងៃ ក្រោយពីធនាគារវីង បានផ្ញើសារតាមទូរសព្ទដៃបងប្អូន។
ជាមួយគ្នាផងដែរ បើយោងទៅលើចំណុចក៣ នៃសំណើសុំព្យួរកិច្ចសន្យាការងារ ក៏បានបញ្ជាក់ថា សម្រាប់កាតព្វកិច្ចផ្សេងទៀតរបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ត្រូវផ្តល់ជូនប្រាក់ឧបត្ថម្ភចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ និយោជិតម្នាក់ៗ ក្នុង១ខែ ដោយចំនួន១០ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល៧ថ្ងៃដល់១០ថ្ងៃ និងចំនួន២០ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃដល់២០ថ្ងៃ ដោយឡែកចំនួន៣០ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល២១ថ្ងៃដល់១ខែ។
សម្រាប់សហគ្រាស គ្រឹះស្ថានក្នុងវិស័យទេសចរណ៍ ត្រូវពិនិត្យផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត តាមលទ្ធភាពនិងការស្ម័គ្រចិត្ត នៅក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងកំណត់នីតិវិធី នៃការបើកប្រាក់ឧបត្ថម្ភបន្ថែមផងដែរ។ ដោយ៖ ឃួន លក្ខិណា