ភ្នំពេញ៖ ល្គឹកណា គេមិនទាន់រកឃើញវាក់សាំងការពារនៅឡើយ ទាំងប្រជាជន និងរាជរដ្ឋាភិបាលក៏នៅតែមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជាថ្មីនៃមេរោគកូវីដ១៩។ នេះបើតាមសម្ដីលោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ប្រាក់ ចាន់ធឿន បានលើកឡើងនៅក្នុងការបើកវគ្គបណ្តុះបណ្តាលជំនាញទន់ ជូនកម្មករនិយោជិត ព្យួរកិច្ចសន្យាការងារ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ន ពិភពលោកទាំងមូលរស់នៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលត្រូវបានចាត់ទុកជាបញ្ហាធំមួយធ្វើឱ្យពិភពលោកខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម។
លោកក៏បានបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺកូវីដ១៩នេះ ចំនួន ១២២ករណី ដែលរហូតមកដល់ថ្ងៃនេះ មាន១២០ករណី បានជាសះស្បើយ និង ២ករណីកំពុងបន្តការព្យាបាល។ នេះជាការព្រួយបារម្មណ៍ និងតម្រូវឱ្យមានចូលរួមសហការណ៍គ្នានៅគ្រប់កម្រិតទាំងអស់ ដើម្បីរៀបចំផែនការបង្ការការពារ និងការឆ្លើយតបនៅកន្លែងធ្វើការ។ លោកបន្តថា ទោះបីជាជំងឺកូវីដ១៩ ឆ្លងតិចនៅកម្ពុជា ហើយបានជាសះស្បើយច្រើនក៏ពិតមែន តែពិភពលោកទាំងមូល ក៏ដូចជាប្រជាជន និងរាជរដ្ឋាភិបាលក៏នៅតែមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជាថ្មីនៃមេរោគកូវីដ១៩នេះ ល្គឹកណា គេមិនទាន់រកឃើញវាក់សាំងការពារនៅឡើយ។
គួរបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់នេះ ជូនកម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ គឺដើម្បីបង្កើនចំណេះដឹងជំនាញទន់ផង ចៀសវាងការប្រមូលផ្តុំ ដែលនាំឲ្យមានឱកាសច្រើនក្នុងការឆ្លងវីរុសកូវីដ១៩ផង និងព្រមទាំងបានឧបត្ថម្ភថវិកាក្នុងការសិក្សានេះទៀតផងដែរ៕ ដោយ៖ តារា