ដោយសារតែកូវីដ១៩វាយប្រហារ បានធ្វើឲ្យពិធីអបអរសាទរ ថ្ងៃជ័យជម្នះលើរបបហ្វាស៊ីស នៅតំបន់អឺរ៉ុប ដែលធ្លាប់ធ្វើឡើងយ៉ាងតែគគ្រឹកគគ្រេង តែពេលនេះបែរជាធ្វើឡើង ដោយស្ងាប់ស្ងាត់បំផុត។ ថ្ងៃទី៩ ខែឧសភា ជាទិវាជ័យជម្នះលើកទី៧៥ លើរបបហ្វាស៊ីស បញ្ចប់សង្គ្រាមលោកលើកទីពីរ។
នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាទីកន្លែងដែលកាលពី៧៥ឆ្នាំបានចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ទាហានហ្វាស៊ីស។ ប្រធានាធិបតី អាល្លឺម៉ង់លោក Frank-Walter Steinmeier និងនាយករដ្ឋមន្ត្រី Angela Merkel បានចូលរួមដាក់កម្រងផ្កា នៅ នៅស្តូបជនរងគ្រោះក្នុងរបបហ្វាស៊ីស។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ព្រះមហាក្សត្រិយានី អាលីហ្សាប៊ែតទីពីរ បានថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ដោយលើកសរសើរដល់ពលរដ្ឋដែលបានពលីជីវិត ក្នុងសង្គ្រាមលោកលើកទីពីរ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏បានអំពាវនាវដល់ពលរដ្ឋអង់គ្លេស បង្ហាញពីសាមគ្គីភាព ដូចកាលពី៧៥ឆ្នាំមុន ដើម្បីយកឈ្នះក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង រួមទាំងមន្ត្រីរដ្ឋាភិបាល បានដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍ នៅមហាវិថី Champes Elysees ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺថ្ងៃជ័យជម្នះលើរបបហ្វាស៊ីស មិនមានការដង្ហែរក្បួនព្យុហយាត្រា ដូចជាពេលមុនឡើយ ដោយសារតែកូវីដ១៩ កំពុងវាយលុក នៅតំបន់អឺរ៉ុប។ សហគមន៍អឺរ៉ុបបានអំពាវនាវដល់ពលរដ្ឋ រួមសាមគ្គី ដូចជាសម័យកាល នៃសង្គ្រាម ប្រដាប់អាវុធ ដើម្បីយកឈ្នះទៅលើសង្គ្រាមប្រឆាំងនឹងកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO