មួយឆ្នាំៗ ខេត្តកំពតអាចផលិតស៊ីម៉ងត៍បានជាង ៦០លានតោន និងវារីអគ្គិសនីជាង ៤ពាន់លានគីឡូវ៉ាត់ម៉ោង
ភ្នំពេញ៖ រោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤ នៅក្នុងខេត្តកំពត អាចផលិតស៊ីម៉ងត៍បានប្រមាណជាង ៦០លានតោនក្នុងមួយឆ្នាំៗ ខណៈវារីអគ្គិសនីកំចាយ អាចផលិតអគ្គិសនីក្នុងមួយឆ្នាំបានជាង ៤ពាន់លានគីឡូវ៉ាត់ម៉ោង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នេះបើយោងតាមលោក ភូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ភូ លិ បានបញ្ជាក់ថា៖ “ខេត្តកំពតពិតជាមានឱកាសដ៏ល្អប្រពៃ ពិសេសនោះ ស្ថិរភាពនយោបាយ ដោយបានទទួលបានសមទ្ធិផលធំៗ លើការអភិវឌ្ឍគ្រប់វិស័យ ហើយសមទ្ធិផលធំៗដូចជារោងចក្រ ផលិតស៊ីម៉ងត៍ចំនួន ៤ បានកំពុងដំណើរការដោយបានផលិតស៊ីម៉ង់ត៍បានក្នុងមួយឆ្នាំប្រមាណជាង៦០លានតោន វារីអគ្គិសនីកំចាយ មានអនុភាពដំឡើងដោយអនុភាព ១៩៤មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីក្នុងមួយឆ្នាំបានជាង ៤ពាន់លានគីឡូវ៉ាត់ម៉ោង”។
អភិបាលរងខេត្តកំពតលើកឡើងទៀតថា វិស័យសក្តានុពលរបស់ខេត្តកំពត រួមមាន អំបិល រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិកម្ម នេសាទសមុទ្រ និងទេសចរណ៍។ លោកបន្តថា ខេត្តកំពត គឺជាខេត្តមួយកំសត់កាលពីដើម ប៉ុន្តែមកដល់ពេលនេះបានក្លាយជាខេត្តមួយល្បី ហើយស្រស់ប្រិមប្រិយ និងជាខេត្តមួយគួរឱ្យចង់រស់នៅផងដែរ៕ ដោយ៖ តារា