អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អាចនឹងមានអ្នកស្លាប់ដោយកូវីដ១៩ នៅទ្វីបអាហ្វ្រិក កើនឡើងដល់ទៅ ជិត២សែននាក់ ប្រសិនបើវិធីសាស្ត្រទប់ស្កាត់កូវីដ១៩ មិនមានប្រសិទ្ធភាពទេនោះ។
នៅទ្វីបអាហ្វ្រិក មាន៤៧ប្រទេស មានពលរដ្ឋប្រមាណ១ពាន់លាននាក់។ បើតាមលទ្ធផលស្រាវជ្រាវពីការិយាល័យរបស់ WHO នៅសាធារណរដ្ឋកុងហ្គោ បានបង្ហាញឲ្យឃើញថា នឹងមានពលរដ្ឋ អាហ្វ្រិកយ៉ាងតិច ពី២ម៉ឺននាក់ដល់២សែននាក់ស្លាប់ និងឆ្លងរាលដាល ប្រមាណ២៩លាននាក់ ដល់ទៅ ៤៤លាននាក់។
បើទោះបី នៅទ្វីបអាហ្វ្រិកមានអ្នកឆ្លងកូវីដ១៩យឺតជាងតំបន់អាស៊ី និងអឺរ៉ុប ប៉ុន្តែក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា នៅក្នុងទ្វីបនេះងាយរងគ្រោះ ដោយសារតែប្រព័ន្ធសុខាភិបាលទន់ខ្យោយ ចំនួនពលរដ្ឋក្រីក្រច្រើន។
ប្រធានសាខា WHO ប្រចាំនៅទ្វីបអាហ្វ្រិក លោក Matshidiso បានបញ្ជាក់ថា កូវីដ១៩ អាចនឹងរាលដាលខ្ពស់ នៅក្នុងទ្វីបនេះ។
សារព័ត៌មាន AFP បានផ្សាយថា គិតត្រឹមថ្ងៃទី៧ ខែឧសភា នៅទូទាំងទ្វីបអាហ្វ្រិក មានអ្នកឆ្លងកើនឡើងដល់ ជាង៥៣ពាន់នាក់ និងស្លាប់ជាង២ពាន់នាក់។
ជាមួយគ្នានេះដែរ ប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិកបានសម្រេចលុបច្បាប់បម្រាមគោចរ ដើម្បីដំណើរការសេដ្ឋកិច្ច ផ្តល់ការងារធ្វើដល់ពលរដ្ឋ បើទោះជាមានអ្នកឆ្លងកូវីដ១៩ច្រើនក្តី។ កត្ដាទាំងនោះហើយ បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលខ្លាំងឡើង៕ ប្រែសម្រួលដោយ៖ MEO