ចិននិងអាមេរិក ឯកភាពគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទោះជាមានល្បែងស្តីបន្ទោសរឿងកូវីដ១៩
អ្នកតំណាងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានយល់ព្រម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា ប្រទេសទាំង២នឹង “បង្កើតលក្ខខណ្ឌអំណោយផល” សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបានចុះហត្ថលេខា កាលពីខែមករា ឆ្នាំ២០២០ កន្លងមកនោះ បើទោះជាមានភាពតានតឹងថ្មីៗនេះ ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩យ៉ាងណាក៏ដោយ ។
បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន france24 បានបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He ដែលជាអ្នកដឹកនាំក្រុមចរចាជម្លោះពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងនោះ នៅព្រឹក ថ្ងៃទី៨ ខែឧសភា បានសន្ទនាតាមទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋលេខាធិការក្រសួងរតនាគារ លោក Steven Mnuchin។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា “ ភាគីទាំងពីរបានព្រមព្រៀងថា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច និងសុខភាពសាធារណៈ ខិតខំបង្កើតបរិយាកាសអំណោយផល និងលក្ខខណ្ឌ ដើម្បីអនុវត្ត ដែលហៅថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទីមួយ រវាងសហរដ្ឋអាមេរិក និងចិន ដោយការលើកកម្ពស់លទ្ធផលវិជ្ជមាន” ។
ប្រទេសទាំងពីរក៏បានយល់ព្រមរក្សាការប្រាស្រ័យទាក់ទង និងសម្របសម្រួលគ្នាផងដែរ ។
ការវិវឌ្ឍន៍បែបនេះបានកើតឡើង បន្ទាប់ពីប្រទេសទាំងពីរបានលេងល្បែងស្តីបន្ទោស ទម្លាក់កំហុសដាក់គ្នាពាក់ព័ន្ធនឹងជំងឺកូរ៉ូរណាវីរុស ឬកូវីដ១៩ (COVID-19) ដែលបានកំពុងឆ្លងរាតត្បាតលើមនុស្សជាង៣លាននាក់ នៅជុំវិញពិភពលោក ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធថ្មី ប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីគាត់អះអាងថា មានភ័ស្តុតាង ដែលជាប់ទាក់ទងនឹងជំងឺកូវីដ១៩ ទៅនឹងមន្ទីរពិសោធន៍មួយ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងដំបូងគេ នៃកូវីដ១៩ កាលពីខែធ្នូ ឆ្នាំ២០១៩ ។
កាលពីខែមករា ឆ្នាំ២០២០ ទីក្រុងប៉េកាំង បានយល់ព្រមនាំចូលផលិតផលពីអាមេរិក ចំនួន២០០ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេល២ឆ្នាំ ពោលគឺខ្ពស់ជាងកម្រិតដែលបានទិញ កាលពីឆ្នាំ២០១៧ ៕ ប្រែសម្រួលដោយ៖ thach yat