បញ្ហាកូវីដ១៩ នៅក្នុងប្រទេសចិន បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កូរ៉េខាងជើង ដោយសារតែសេដ្ឋកិច្ចទីក្រុងព្យុងយ៉ាង ស្ទើរតែទាំងស្រុងអាស្រ័យទៅលើចិន។ ដូច្នេះការដែលចិនយកឈ្នះ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ មានន័យថា កូរ៉េខាងជើងក៏ទទួលជ័យជម្នះផងដែរ។
តាមប្រភពព័ត៌មានពីកូរ៉េខាងជើង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតទៅជូនប្រធានាធិបតីចិន ស៊ី ជីនពីង ជូនពរដែលគ្រប់គ្រងស្ថានភាពឆ្លងរាលដាលកូវីដ១៩ បានដោយជោគជ័យ។ នៅក្នុងសារជូនពរ លោកគីម ជុងអ៊ុន បញ្ជាក់ថា ប្រធានាធិបតីចិន ចាប់បានឱកាសក្នុងការយកឈ្នះ នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។
ទោះជាយ៉ាងណា សារព័ត៌មានកូរ៉េខាងជើង មិនបានបញ្ជាក់ថា បានផ្ញើសារទៅកាន់មេដឹកនាំចិន នៅពេលណានោះឡើយ។ នេះជាលើកទីពីរហើយដែលមេដឹកនាំ គីម ជុងអ៊ុនបានផ្ញើសារជូនពរ ប្រធានាធិបតី ស៊ី ជីនពីង ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងកូវីដ១៩។ កាលពីចុងខែមករា ឆ្នាំ២០២០ លោក គីម ក៏បានផ្ញើសារជូនពរផងដែរ។
ទំនាក់ទំនង រវាងកូរ៉េខាងជើង និងចិន កាន់តែជិតស្និទ្ធ ក្រោយពេលប្រធានាធិបតី ស៊ី ជីនពីង បានទៅបំពេញទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០១៩។ នោះជាដំណើរទស្សនកិច្ចលើកទីមួយ ទៅកាន់កូរ៉េខាងជើងរបស់ប្រមុខដឹកនាំចិន ក្នុងរយៈពេល១៤ឆ្នាំកន្លងមក៕ ប្រែសម្រួលដោយ៖ MEO