ស្ថានភាពនៃការឆ្លងរាលដាលកូវីដ១៩ នៅក្នុងប្រទេសថៃកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានអ្នកឆ្លងថ្មីច្រើនឡើយ។ ទាំងនេះជាសញ្ញាដ៏ល្អ ដើម្បីឲ្យថៃបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។
នៅពេលនេះ ថៃមានគម្រោងបន្តលុបច្បាប់រឹតត្បិតដំណាក់កាលទីពីរ ក្នុងនោះក្រុមហ៊ុនធំៗ ដែលមានកម្មករ ពលករច្រើន អាចបើកទ្វារដំណើរការឡើងវិញហើយ។ មន្ត្រីឯកទេសរបស់ថៃ បានកំណត់ពេលវេលា លុបច្បាប់រឹតត្បិតដំណាក់កាលទីពីរ ក្នុងចំណោម៤ដំណាក់កាលដែលរដ្ឋាភិបាលថៃបានកំណត់។ ការលុបច្បាប់នេះនឹងធ្វើឡើងម្តង១ដំណាក់កាល អាស្រ័យទៅលើចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ ។
ដំណាក់កាលទីមួយ បានលុបចោល កាលពីថ្ងៃទី៣ ខែឧសភា ចំណែកដំណាក់កាលទីពីរគ្រោងនឹងលុបចោល នៅថ្ងៃទី១៧ ខែឧសភា។ ដោយឡែកដំណាក់ទី ៣ ទី៤ ក៏នឹងត្រូវលុបក្នុងរយៈពីរខែ គឺខែឧសភា និងមិថុនា។
លោក Taweesilp Visanuyothin អ្នកនាំពាក្យគណ:កម្មការដោះស្រាយស្ថានភាពកូវីដ១៩ បានឲ្យដឹងថា ដំណាក់កាលរឹតត្បិតទីពីរ ត្រូវលុបចេញនេះ គឺពាក់ព័ន្ធនឹងក្រុមហ៊ុនធំ ដែលមានបុគ្គលិក និងកម្មករធ្វើការច្រើន។ នៅថ្ងៃទី៧ ខែឧសភា នេះ ថៃមានអ្នកឆ្លងថ្មីតែ៣នាក់ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់ថ្មីឡើយ។ ចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសថៃ មាន ២៩៩២នាក់ ក្នុងនោះស្លាប់ ៥៥នាក់៕ ប្រែសម្រួលដោយ៖MEO