ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបញ្ជាក់ជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងបានព្រមព្រៀងលើថវិកាយ៉ាងច្រើន ក្នុងការចែករំលែកចំណាយលើវិស័យការពារជាតិ ព្រោះលោកនៅតែបន្តដាក់សម្ពាធដល់ទីក្រុងសេអ៊ូល ឲ្យបង្កើនចំណែករបស់ខ្លួន ចំពោះការចំណាយទៅលើការឈរជើងរបស់កងទ័ពអាមេរិក នៅឧបទ្វីបកូរ៉េ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃទី៧ ខែឧសភា លោក ត្រាំ បានពន្យល់ផងដែរថា ប្រទេសដទៃទៀត គួរតែគោរពទីក្រុងវ៉ាស៊ីនតោន ដែលត្រូវចំណាយច្រើនជាង ទៅលើផ្នែកការពារជាតិ ។
ការកត់សម្គាល់របស់លោក ត្រាំ នេះ បានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា បានស្នើដល់រដ្ឋាភិបាលក្រុងសេអ៊ូល ឲ្យជួយចំណាយប្រាក់បន្ថែមទៀតចំនួន ១,៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការចែករំលែកការចំណាយទៅលើការ ការពារជាតិ ។
នេះគឺជាការកាត់បន្ថយយ៉ាងច្រើនពីចំនួន ៥ ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោកដូណាល់ ត្រាំបានលើកឡើងកាលពីគ្រាដំបូង ប៉ុន្តែវានៅតែចំនួនច្រើនជាង៥០ភាគរយ ពីអ្វីដែលកូរ៉េខាងត្បូងបានបង់កាលពីឆ្នាំមុន ។
សាកសួរដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែឧសភា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកដូណាល់ ត្រាំ បានថ្លែងថា វាពិតជាចំនួនទឹកប្រាក់សមហេតុផល ដែលទីក្រុងសេអ៊ូល គួរតែអាចចូលរួមចំណែកនៅក្នុងការចែករំលែកការចំណាយនេះបានហើយ ។
អនុប្រធានមន្ទីរបញ្ចកោណ លោក James Anderson ក៏បានអំពាវនាវឱ្យទីក្រុងសេអ៊ូល ផ្តល់ចំនួនទឹកប្រាក់កាន់តែច្រើនបន្ថែមនេះ ទៅលើថ្លៃការពារ សម្រាប់កងកម្លាំងអាមេរិក ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរឆ្លើយតបនឹងសំណួររបស់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា លោក James Anderson បានពន្យល់ថា រឿងនេះមិនអាចជៀសផុតបានទេ ព្រោះសម្ព័ន្ធមិត្តត្រូវតែត្រៀមសម្រាប់បញ្ហាប្រឈមជាច្រើន និងបញ្ហាស្មុគស្មាញជាមួយគ្នា ។
ទាក់ទងនឹងកិច្ចចរចាការចែករំលែកចំណាយការពារជាតិដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោននោះ, ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ កាលពីថ្ងៃទី៧ ខែឧសភាថា កិច្ចព្រមព្រៀងត្រូវតែសមហេតុផល និងយុត្តិធម៌សម្រាប់គ្រប់ភាគី ។
លោក Kim In-chul អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានពន្យល់ថា មានទស្សនៈខុសគ្នារវាងសម្ព័ន្ធមិត្ត ។ ទោះយ៉ាងណា លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើសំណើចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យកូរ៉េខាងត្បូង ដើម្បីបង់ប្រាក់ចំនួន ១,៣ ពាន់លានដុល្លារនោះទេ ៕ ប្រែសម្រួលដោយ៖ thach yat