រាជរដ្ឋាភិបាលសម្រួលនីតិវីធីផ្ដល់ប្រាក់កម្ចីឱ្យសហគ្រាសធុនតូច និងមធ្យម ក្នុងពេលប្រឈមនឹងជំងឺកូវីដ១៩
វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៧ ០៥ ២០២០ ៖
រាជរដ្ឋាភិបាលសម្រួលនីតិវិធីផ្ដល់ប្រាក់កម្ចីឱ្យសហគ្រាសធុនតូច និងមធ្យម ក្នុងពេលប្រឈមនឹងជំងឺកូវីដ១៩ ដើម្បីជួយសម្រួល និងផ្ដល់ដើមទុកក្នុងការធ្វើវិនិយោគក្នុងអាជីវកម្មទៅមុខទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី គម្រោងហិរញ្ញប្បទាន ទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី៧ ខែឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ការបង្កើតធនាគារSME ដើម្បីចងក្រងក្នុងផ្ដល់ប្រាក់កម្ចី ដើម្បីត្រៀមជួយSMEនៅពេលដែលប្រឈមខាតបង់ទុន បន្ទាប់ពីកូវីដ១៩នេះត្រូវបានបញ្ចប់នាពេលខាងមុខ ។ លោកបញ្ជាក់ថា ធនាគារនេះបានសម្រួលបែបបទជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដល់SME បានទទួលប្រាក់កម្ចីដែលមានភាពលឿនរហ័ស។
«រាជរដ្ឋាភិបាលដាក់ចេញនៅSME Bank នេះក៏ស្ថិតនៅក្នុងកាលៈទេសៈដែលជួបបញ្ហាកូវីដ ដើម្បីដាក់ឲ្យទាន់ពេលវេលា ដើម្បីជូនដល់SMEទាំងអស់នៅស្រុកខ្មែរ ដែលគាត់មានឲ្យទទួលប្រាក់កម្ចី ដើម្បីយកទ្រទ្រង់អាជីវកម្មរបស់គាត់ ។ ខ្ញុំគិតថា មិនយូរទេតាមដែលខ្ញុំដឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក កំពុងតែពិចារណា ហើយនឹងដាក់ចេញនូវគោលនយោបាយ គាំទ្រមួយចំនួនទៀត ទៅដល់សហគ្រិន ប៉ុន្តែ រង់ចាំចេញជាផ្លូវការសិនចាំយើងនិយាយបាន គ្រាន់ថាជាដំណាក់កាលៗ គឺយើងបានដាក់ចេញមកហើយ ហើយក្នុងកាលៈទេសៈនេះឯកឧត្តម កិតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានចាត់ឲ្យក្រុមការងារ ក្រសួងធ្វើការជាមួយវិស័យឯកជន ធ្វើការជាមួយនិងដៃគូអភិវឌ្ឍន៍ ដើម្បីចង់ក្រងត្រៀមហើយស្រេចនៅពេលដែលកូវីដនិងចប់ទៅតើត្រូវជួយវិស័យSMEដោយរបៀបណា »។
លោកបន្ដថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងបង្កើតក្រុមការងារ ដើម្បីធ្វើការចុះពិនិត្យ និងតាមដាន រកមើលសហគ្រាសណា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីកំណត់មុខសញ្ញា ត្រូវតែជួយជាបន្ទាន់ផងដែរ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន១០០លានដុល្លារ ដើម្បីដាក់ឲ្យសហគ្រាសធុនតូចនិងមធ្យមខ្ចី ក្នុងអត្រាការប្រាក់ទាប ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រកបអាជីវកម្មនានា ទៅតាមតម្រូវការផងដែរ ៕