លោក គីម អ៊ីលស៊ុង បិតាស្ថាបនិកកូរ៉េខាងជើងបានសាងសង់រាជវាំងដ៏ស្រស់ស្អាតមួយមានឈ្មោះថា ចាង ស៊ូអ៊ុន (Changsuwon Palace) ថ្វាយចំពោះព្រះករុណា សម្ដេចតា ព្រះបរមរតនកោដ្ឋ។
រាជវាំងចាង ស៊ូអ៊ុន គឺជាវិមានដ៏ធំស្កឹមស្កៃសង់ក្នុងទសវត្សឆ្នាំ៧០ដោយយកគំរូតាមវិមានរបស់លោកប្រធានាធិបតី គីម អ៊ីលស៊ុងផ្ទាល់។ ទីនោះមានបន្ទប់ជាង៤០ មានរចនាបថតាមបែបកូរ៉េ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សា និងអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹង ចាង ស៊ូអ៊ុន ជាបឹងសិប្បនិម្មិតព័ទ្ធជុំវិញដោយតំបន់វាលស្មៅនៃភ្នំតែសុង។
សម្ដេច សីហនុ ព្រះអង្គបានបង្កើតចំណងមិត្តភាពដំបូងជាមួយលោក គីម អ៊ីលស៊ុង ជាជីតា លោក គីម ចុងអ៊ុននៅចុងទសវត្សឆ្នាំ១៩៥០។ ពេលយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅកូរ៉េខាងជើង ព្រះអង្គតែងប្រថាប់នៅក្នុងព្រះរាជដំណាក់ ចាង ស៊ូអ៊ុន នេះហើយទ្រង់តែងទទួលនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំកូរ៉េខាងជើងគ្រប់ជាន់ថ្នាក់៕