លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានប្រកាសពីការដាក់ពាក្យសុំព្យួរការងាររបស់រោងចក្រប្រមាណជាង១៣០កន្លែង ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់កម្មករ និយោជិតជិត១០ម៉ឺននាក់។
វិបត្តិកូវីដ១៩ វាមិនត្រឹមតែមានផលប៉ះពាល់ទៅដល់កម្មករតែប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យទីផ្សារនាំចេញ ផលិតផល មានការធ្លាក់ចុះដែរ។ ជាគោលការណ៍ កម្មករត្រូវទទួលបានប្រាក់ពីភាគីពាក់ព័ន្ធ ដែលត្រូវផ្តល់ជូនចំនួន ៦០ ដុល្លារ ដោយក្នុងនោះរដ្ឋាភិបាល បានចេញប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ជូនកម្មករប្រមាណជិត១០ម៉ឺននាក់ ប្រហែលនឹងថវិកាជាង ៨ លានដុល្លារ រីឯរោងចក្រគឺត្រូវចេញប្រមាណជា២០ដុល្លារ ដែលប្រហែលជិត ៤ លានដុល្លារ សម្រាប់កម្មករប្រមាណជិត១០ម៉ឺននាក់ ក្នុងការព្យួររបស់រោងចក្រ។
បើតាមកិច្ចសម្ភាសន៍រវាងលោកហេង សួរ ជាមួយនឹងTNAOT APP តាមប្រព័ន្ធតេឡេក្រាម បានឱ្យដឹងថា៖«សម្រាប់រោងចក្រសហគ្រាស ដែលព្យួរកិច្ចសន្យាការងារ ក្រោយពេលចូលឆ្នាំ គឺរដ្ឋាភិបាលជួយ ៤០$ ក្នុងកម្មករ ១នាក់។ សម្រាប់ថវិកាគឺអាស្រ័យលើចំនួនដែលព្យួរ និងរយៈពេលដែលព្យួរ ហើយមកដល់ពេលនេះ នៅមិនទាន់មានតួលេខសរុបនៅឡើយ ចំពោះមុខគឺផ្តល់ជូនដល់២ខែ»។
លោកថា ភាគីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការបន្ធូរបន្ថយការបង់ពន្ធ ការបង់វិភាគទាន ប.ស.ស និងព្យាយាមសម្របសម្រួលកាតព្វកិច្ច ឬករណីយកិច្ចមួយចំនួនជូនភាគីនិយោជក។ ចំណែកឯកម្មករនិយោជិតក៏ព្រមទទួលយកការផ្ដល់ប្រាក់ឈ្នួលខ្លះៗពីនិយោជក ទោះបីមិនបាន ១០០% ក៏ដោយ ក៏កម្មករនិយោជិតអាចទទួលយកបាន ធ្វើយ៉ាងណាឱ្យតែរោងចក្រនៅត្រឹមព្យួរ និងអាចនៅបន្តដំណើរការផលិតនៅកម្ពុជា នាពេលវិបត្តិជំងឺនេះកន្លងផុត ហើយភាគីនិយោជកក៏យល់ព្រមផ្ដល់ប្រាក់ឈ្នួលខ្លះទៅឱ្យកម្មកររបស់ខ្លួន និងយល់ព្រមព្យួរសិនផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការប្រែប្រួលទាក់ទង និងតួលេខនៃកើនឡើងនៃចំនួនការព្យួរការងាររបស់រោងចក្រនៅឡើយទេ ប៉ុន្តែបើយោងតាមសេចក្តីប្រកាសសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC បានឱ្យដឹងថា បើរោងចក្រនៅតែមិនទទួលបានការបញ្ជាទិញថ្មី សមាជិកគ្រួសារកម្មករប្រមាណ ២លាននាក់ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។
បើតាមសេចក្តីអំពាវនាវរបស់GMAC ដដែលបានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ រោងចក្រចំនួន ១៨០ បានផ្អាកប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន៦០ បន្ថែមទៀត នឹងឈានទៅរកការព្យួរដូចគ្នា ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់ ត្រូវព្យួរការងារជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ ទាំងមិនដឹងច្បាស់លាស់ថា អាចវិលត្រឡប់ដូចធ្វើការវិញនៅពេលណាទេ៕ ដោយ៖ ឃួន លក្ខិណា