មន្រ្ដីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានថ្លែង កាលពីថ្ងៃទី៧ ខែឧសភា ថា កូរ៉េខាងត្បូងបានបញ្ជូនម៉ាស់មុខ ចំនួន១លាន សម្រាប់ ចែកជូន ដល់ទាហានជើងចាស់បរទេស នៃសម័យសង្រ្គាមកូរ៉េ ដើម្បីសម្ដែងនូវកាយវិការរំឭកដល់ខួបលើកទី៧០ នៃការវាយប្រហារគ្នាដ៏ឃោរឃៅ។
សង្រ្គាមកូរ៉េបានផ្ទុះឡើង នៅចន្លោះពីឆ្នាំ១៩៥០ដល់១៩៥៣ នៅពេលនោះ កងកម្លាំងកូរ៉េខាងត្បូង គាំទ្រដោយប្រទេសចំនួន២២ ជាសមាជិកអង្គការសហប្រជាជាតិ ដឹកនាំដោយអាមេរិក បានវាយប្រយុទ្ធតទល់ប្រឆាំងនឹងកូរ៉េខាងជើង និងកងទ័ពចិន តែបានបញ្ចប់សង្រ្គាមទៅវិញ ក្រោមបទឈប់បាញ់ ដោយមិនមានសន្ធិសញ្ញាសន្ដិភាពណាមួយនោះឡើយ។
បើយោងតាមរដ្ឋាភិបាលទីក្រុងសេអ៊ូល បានឲ្យដឹងថា នៅក្នុងសង្រ្គាមនោះ មានទាហាន និងមន្រ្ដីវេជ្ជសាស្រ្ដ ជិត២លាននាក់ មកពីរដ្ឋចំនួន២២ ជាសមាជិក នៃអង្គការសហប្រជាជាតិ រួមមាន អាមេរិក អង់គ្លេស និងតួកគី …ជាដើម។ លទ្ធផល នៃសង្រ្គាមនោះ បានធ្វើឲ្យកងទ័ព ចំនួន ៣៧ ៩០២នាក់ស្លាប់ និង ១០៣ ៤៦០នាក់រងរបួស។
ទីក្រុងសេអ៊ូល ចាប់តាំងពីពេលនោះមក បានងើបចេញពីផេះ នៃភ្លើងសង្រ្គាម ហើយខិតខំប្រឹងប្រែកសាងប្រទេសជាតិ រហូតក្លាយជាប្រទេសមហាសេដ្ឋកិច្ច លំដាប់លេខ១២របស់ពិភពលោក។ ប៉ុន្ដែនៅពេលមានការផ្ទុះឡើង នៃវីរុសកូវីដ១៩នេះ កូរ៉េខាងត្បូង បានផ្អែកលើគោលការណ៍តាមដាន ធ្វើតេស្ដ និងព្យាបាលទៅលើប្រជាពលរដ្ឋរបស់ខ្លួន រហូតបានទទួលការកោតសរសើរពីអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។
ក្រសួងបង្រួបបង្រួមជាតិ និងកិច្ចការអតីតយុទ្ធជន បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ប្រទេសទាំង២២ ដែលចូលរួមជួយកូរ៉េខាងត្បូង នៅក្នុងសម័យសង្រ្គាមកូរ៉េនោះ បច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង នៅក្នុងអំឡុងពេលការរីករាលដាល នៃកូរ៉ូណាវីរុសនេះ។ នេះជាកាល:ទេស:ត្រូវផ្ដល់ម៉ាស់មុខជាបន្ទាន់ សម្រាប់ទាហានជើងចាស់ទាំងនោះ ដែលពួកគាត់ ជាមធ្យមមានអាយុ៨៨ឆ្នាំ ដែលជាវ័យងាយប្រឈមនឹងគ្រោះថ្នាក់បំផុត។
មន្រ្ដីកូរ៉េខាងត្បូង បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសនោះ នឹងត្រូវចែកម៉ាស់ដល់ទាហានជើងចាស់ទាំងនោះ។ ប៉ុន្ដែបើតាមការប៉ាន់ប្រមណ ទាហានជើងចាស់ នៅក្នុងសម័យសង្រ្គាមកូរ៉េ អាចនឹងនៅរស់រានមានជីវិត ប្រហែលជា៤សែននាក់៕ ប្រែសម្រួល ដោយ Nuon