វត្តឃ្លាំងខ្មូត ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្សល់ទុកនូវកេរដំណែលបេតិកភណ្ឌ ដ៏មានតម្លៃមួយគឺចេតិយដែលមានអាយុកាលជាង២០០ឆ្នាំ។
ចេតិយនេះសង់ក្នុងឆ្នាំ១៨១៣ ឬដើមសតវត្សទី១៩ បច្ចុប្បន្នមានអាយុកាល២០៧ឆ្នាំហើយ។ ចេតិយត្រូវបានសង់ពីឥដ្ឋដែលយកមកពីខេត្តកំពង់ស្ពឺ ហើយបើតាមអ្នកស្រុកបានឲ្យដឹងថាគេសាងសង់ដើម្បីតម្កល់អដ្ឋិធាតុអតីតព្រះចៅអធិការវត្តឃ្លាំងខ្មូតនាសម័យនោះ។
រចនាបថរបស់ចេតិយគឺដូចគ្នាច្រើនទៅនឹងវត្តមួយចំនួនក្នុងស្រុកស្ទោង តួយ៉ាងដូចជាវត្តខ័ណ្ឌសារជាដើម។ ចេតិយបុរាណនេះត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌជាតិកាលពីឆ្នាំ២០១៨ ដើម្បីធានាដល់ការស្ថិតស្ថេរគង់វង្ស ដល់កូនចៅជំនាន់ក្រោយ៕