នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៣ករណីថ្មី។ គិតមកដល់ថ្ងៃនេះចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ២៩៩២ នាក់ហើយ។ មិនមានការរាយការណ៍ថ្មីអំពីករណីស្លាប់បន្ថែមទៀតនោះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបក្នុងប្រទេសមានចំនួន ៥៥នាក់ដដែល។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយថា ករណីថ្មីមួយគឺជាស្ត្រីមេផ្ទះជនជាតិថៃអាយុ ៥៩ឆ្នាំ រស់នៅខេត្ត Yala ។ អ្នកជំងឺមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុនដែលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ តាមការធ្វើតេស្តបានឱ្យដឹងថា គាត់មិនមានរោគសញ្ញាអ្វីនោះទេ។ ករណីថ្មីពីរទៀតគឺបុរសជនជាតិថៃមានមុខរបរជាកម្មករអាយុ ៤៦ និង ៥១ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេស Kazakhstanកាលពីថ្ងៃសៅរ៍មុន ហើយត្រូវបានគេយកទៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃភ្លាមៗ។ អ្នកជំងឺចំនួន ១១ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដែលធ្វើឱ្យចំនួនករណីនៃអ្នកជាសះស្បើយកើនឡើងដល់ ២៧៧២ នាក់។ លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថាចំនួនខេត្តដែលមិនមានករណីឆ្លងវីរុសកូរ៉ូណាក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកមានចំនួន ៣៩ខេត្ត។ ខេត្តទាំង៩ដែលមិនទាន់មានករណីកូរ៉ូណាចូលរាតត្បាតមានដូចជាខេត្ត Ang Thong, Bung Kan, Chai Nat, Kamphaeng Phet, Nan, Phichit, Ranong, Sing Buri និងខេត្ត Trat។
អ្នកនាំពាក្យបានបន្ថែមថាករណីវីរុសកូរ៉ូណាទូទាំងពិភពលោកមានចំនួន ៣.៨២ លាននាក់ និងករណីស្លាប់សរុបចំនួន ២៦៥ ០៧៦ នាក់។ សហរដ្ឋអាមេរិកជាប្រទេសដែលមានករណីឆ្លងនិងស្លាប់ច្រើនបំផុត ដែលក្នុងនោះមានចំនួនអ្នកឆ្លងក្នុងប្រទេសសរុបចំនួន ១.២៦ លាននាក់ មានអ្នកស្លាប់ចំនួន ៧៤៧៩៩ នាក់និងមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២៥ ៤៥៩ នាក់ថ្មីទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post