អតីតមន្រ្តីយោធា២រូប ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ១៦ឆ្នាំ ពីបទបង្កើតកងទ័ពខុសច្បាប់
ភ្នំពេញ៖ លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនការ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមអតីតយោធា២រូប ដោយដាក់ពន្ធនាគារម្នាក់ៗ ១៦ឆ្នាំ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់។
អតីតមន្រ្តីយោធា២រូបរួមមាន ទី១-ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៦ឆ្នាំ និងទី២-ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ឆ្នាំដូចគ្នា។
បើតាមការបញ្ជាក់បានឱ្យដឹងថា ជនទាំងពីរនេះបានជាប់ចោទពីបទ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមមាត្រា៤៦៣ នៃក្រមព្រហ្មទណ្ឌ។ តាមរយៈការប្រកាសសាលក្រមរបស់តុលាការយោធានេះ អតីតមន្ត្រីយោធាទាំង ២រូបខាងលើ នឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃសាលក្រមត្រូវបានប្រកាសជាផ្លូវការតទៅ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវបានអតីតយោធាទាំងពីរនាក់នេះ បានបោកប្រាស់ថា នឹងបញ្ចូលក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់៕ ដោយ៖ ផេងភាព